នៅប្រកួតទល់ក្លឹប Malmo នៅ UCL ជុំទី ៣ វគ្គចែកពូល កាលពីយប់មិញ សម្រាប់កូនក្រុមរបស់លោក Thomas Tuchel ឃើញថាធ្វើបានល្អខ្លាំង តែសោកស្តាយ មានតារាឆ្នើម ២ រូបនៅតំបន់ខាងលើ រងរបួសតាំងពីតង់ទី ១ គឺ Romelu Lukaku និង Timo Werner។
យ៉ាងណាលោក Tuchel ក៏បានធ្វើការផ្លាស់ប្តូរភ្លាមៗ ដោយប្តូរ Lukaku ដាក់ Kai Havertz ហើយដក Timo Werner ដាក់ Callum Hudson-Odoi។ កីឡាករបម្រុងទាំងពីរ ក្រោយគរជើងនៅតំបន់ប្រយុទ្ធ ពួកគេសុទ្ធតែមិនសូវបានលេងដូចគ្នា ហើយឱកាសយប់មិញគឺសំខាន់ខ្លាំងណាស់ ព្រោះជាពេលវេលាបង្ហាញសមត្ថភាព ដើម្បីទាក់ចំណាប់អារម្មណ៍ពីអ្នកចាត់ការក៏ដូចជាអ្នកគាំទ្រទាំងមូល។
តាមការឲ្យដឹងពីលោក Joe Cole បានលើកឡើងក្រោយ Chelsea យកឈ្នះ Malmo ៤-០ បែបនេះថា៖ "Tuchel គេបាននិយាយថា ក្លឹបធ្លាប់បានឈ្នះ ដោយមិនចាំបាច់មាន Timo និង Romelu ហើយកីឡាករដែលមកចូលលេង ដូចជា Kai Havertz និង Callum Hudson-Odoi នៅយប់នេះ គឺពួកគេបានជះឥទ្ធិពលដល់ការប្រកួត អ៊ីចឹងចាំមើលពួកគេអាចធ្វើបានទៀតទេនៅថ្ងៃសៅរ៍"។
លោកបន្ត៖ "អ្នកចាត់ការក៏គាត់មិនបង្អែបង្អង់យូរដែរ ក្នុងការរង់ចាំកីឡាកររបួសត្រលប់មកវិញ អ៊ីចឹងវាដល់ពេលហើយ ដែលកីឡាករដូចជា Havertz និង Odoi បង្ហាញសមត្ថភាពរបស់ពួកគេចេញឲ្យអស់មក"។ រំឭកថា តោខៀវនឹងត្រូវប៉ះចាបស្រុក Norwich City នៅល្ងាចថ្ងៃសៅរ៍ ជាប្រកួតជុំទី ៩ នៅ PL៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក