ជាទូទៅសម្រាប់មនុស្សស្រី បន្ទាប់ពីអាយុ ៣០ ឆ្នាំ គឺតែងតែចាប់ផ្តើមលេចចេញនូវភាពចាស់មកបណ្តើរៗហើយ រួចបើហៀរចូលដល់អាយុ ៤០ ឆ្នាំ នោះគឺកាន់តែបង្ហាញភាពចាស់មកច្បាស់ៗតែម្តង។
យ៉ាងណាក៏នៅមានស្រ្តីខ្លះ ពួកគាត់មានសុខភាពល្អ នាំឲ្យសភាពរាងកាយនៅតែក្មេងជាងវ័យ ហើយបើសួរថា មើលបែបណាទើបដឹងថានៅមានសុខភាពល្អ ក្មេងជាងវ័យ នោះគឺអ្នកអាចមើលសញ្ញាទាំង ៥ ខាងក្រោមបាន៖
៥) វដ្ដរដូវទៀងទាត់
បន្ទាប់ពីអាយុ ៤០ ឆ្នាំរាងកាយរបស់ស្រ្តីនឹងមានការធ្លាក់ចុះ ឬមានការផ្លាស់ប្តូរធំៗ ជាពិសេសការផ្លាស់ប្តូរអ័រម៉ូន និងសុខភាពអូវែនេះឯង។ យ៉ាងណាបើវដ្ដរដូវរបស់ពួកគាត់ នៅតែបង្ហាញចេញមកថាទៀងទាត់ល្អ មិនមានការកើនឡើងឬថយចុះបរិមាណនៃឈាម នោះគឺបង្ហាញច្បាស់ណាស់ ថាពួកគេមានសុខភាពល្អខ្លាំង។
៤) មុខពេញ
ការបាត់បង់ឆ្អឹង ជាសញ្ញាមួយក្នុងចំណោមសញ្ញាសម្គាល់ភាពចាស់ នៅពេលម៉ាសឆ្អឹងមុខថយចុះ ក៏ធ្វើឲ្យមុខរបស់អ្នកមើលទៅរាងច្បូញ លែងមានសភាពមុខពេញដូចពីមុន។ មនុស្សមួយចំនួន អាចជួបសភាពបែបនេះ ដោយសារតែការជក់បារី ឬស្រូបយកផ្សែងបារីខ្លាំងពេក នៅឲ្យស្រកទម្ងន់ និងមានសុខភាពបេះដូងខ្សោយ។
តែយ៉ាងណាបើក្រោយអាយុ ៤០ ឆ្នាំហើយ សភាពមុខនៅមានលក្ខណៈពេញ ពណ៌ស៊ីជម្ពូដដែល នោះបង្ហាញថា រាងកាយកំពុងប្រឆាំងភាពចាស់បានល្អ ហើយក៏ណែនាំឲ្យពួកគាត់បន្តការគ្រប់គ្រងទម្ងន់ឲ្យបានល្អ និងឧស្សាហ៍ហាត់ប្រាណផង។
៣) ធន់នឹងជំងឺ
ជាធម្មតាពេលយើងនៅក្មេង រាងកាយគឺធន់ណាស់ មិនងាយឈឺទេ តែបើចូលមកដល់អាយុ ៤០ ហើយ ប្រព័ន្ធភាពសុាំនៅតែល្អ ហើយមិនងាយឈឺ មិនងាយកើតមានជំងឺគ្រុនផ្តាសាយជាប្រចាំអ្វីនោះ គឺជាសញ្ញាល្អណាស់សម្រាប់សុខភាព។ មួយផ្សេងទៀតបើឈឺ ក៏ឈឺឆាប់ជាសះស្បើយ នោះក៏កាន់តែជាសញ្ញាល្អដែរ។
២) ស្បែកមុខមានស្នាមជ្រីវជ្រួញតិច
ស្នាមជ្រួញ គឺជាសត្រូវរបស់ស្រ្តី វាធ្វើឲ្យមុខមើលទៅចាស់ និងយារធ្លាក់។ តែយ៉ាងណាបើស្នាមជ្រួញកើតឡើងលើមុខតិចបំផុត នៅក្រោយអាយុ ៤០ ឆ្នាំ នោះក៏ជាសញ្ញាមួយបង្ហាញច្បាស់ដែរ ថាអ្នកកំពុងមានភាពក្មេងជាងវ័យ។
១) ញុាំបានគេងលក់ស្រួល
បើការទទួលទាន នៅតែមិនជាបញ្ហា អ្នកអាចទទួលទានអាហារដូចមុនជាធម្មតា មិនមានការទទួលទានមិនចូល ឬមិនឃ្លាន ជាបញ្ហាណាមួយ នោះគឺជាសញ្ញាល្អ។ ការគេងក៏ដូចគ្នា មិនមានបញ្ហាគេងមិនលក់ ហើយអាចគេងលក់ស្កប់ស្កល់ឆ្លងថ្ងៃ ជាធម្មតា នោះគឺអាយុ ៤០ ឆ្នាំរបស់អ្នក រាប់ថាមានន័យនិងជាសំណាងធំមួយហើយក្នុងជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក