ទន្ទឹមនឹងស្ថានភាពរបស់ Kylian Mbappe អាចនឹងចាកចេញនៅពេលខាងមុខ ក៏មានន័យថាក្លឹប PSG ត្រូវស្វះស្វែងរកកីឡាករលេងតំណែងប្រយុទ្ធកណ្តាលថ្មី ដែលមានគុណភាពច្បាស់លាស់ឲ្យមកជំនួស។
យ៉ាងណាបើតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា តារាឆ្នើម Messi ចង់ឲ្យក្លឹប PSG ចរចាយកមិត្តរួមជម្រើសជាតិគឺ Sergio Aguero ឲ្យមករួមជើងជាមួយគេនៅពេលខាងមុខ ដ្បិតអីខ្សែប្រយុទ្ធរូបនេះ ទើបតែផ្ទេរទៅក្លឹប Barcelona មិនទាន់បានមួយឆ្នាំស្រួលបួលផងក៏ដោយ។
តាមពិតទៅ Aguero ផ្ទាល់ ក៏គេចង់រួមជើងជាមួយ Messi ដែរ តែដោយសារវិបត្តិហិរញ្ញវត្ថុទើបត្រូវរុញឲ្យ M10 ផ្ទេរទៅក្លឹប PSG ហើយទុកឲ្យ Aguero ឈរជើងនៅអ្នកមានបុណ្យតែលតោលតែឯង។ គេក៏ទើបតែបង្ហាញខ្លួនបាន ១ លើក បន្ទាប់ពីខកខានដោយសារបញ្ហារបួសអស់រយៈពេលជាង ២ ខែ។
យ៉ាងណាទៅមើលការចរចាយក Aguero ចេញពី Camp Nou សម្រាប់ក្លឹបសេដ្ឋីបារាំង គឺពួកគេមិនចង់ប្រើប្រាស់លុយសុទ្ធនោះទេ ផ្ទុយទៅវិញគឺចង់ប្រើប្រាស់ Mauro Icardi ជាថ្នូរប្តូរយកស្មើដើមតែម្តង។ យើងមិនទាន់ច្បាស់ទេថាក្លឹប Barcelona ព្រមព្រៀងឬអត់ ព្រោះអីគុណភាព Icari រយៈ ពេលចុងក្រោយ ក៏លេងមិនសូវជាបានល្អដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក