ពេលខ្លះមនុស្សមួយចំនួន ជួបបញ្ហាលើសទម្ងន់ឬធាត់មិនដឹងមូលហេតុ តាមពិតទៅបើសង្កេតឲ្យដល់ គឺមកពីរបបអាហារប្រចាំថ្ងៃនោះឯង។ ខាងក្រោមយើងណែនាំពីភេសជ្ជៈ ២ ប្រភេទដែលអ្នកត្រូវជៀសវាង ឬទទួលទានក្នុងកម្រិតសមរម្យមួយ ព្រោះវាអាចបណ្តាលឲ្យឡើងទម្ងន់ឆាប់រហ័ស ដោយមិនដឹងខ្លួន៖
១) ទឹកផ្លែឈើកំប៉ុង
ស្តាប់ទៅគឺល្អណាស់ ដោយមនុស្សជាច្រើនគិតថានៅក្នុងនោះ មានផ្ទុកនូវវីតាមីន ជាតិសរសៃ ដែលល្អសម្រាប់ស្បែកនិងរាងកាយរបស់យើង។ តែយ៉ាងណាទឹកផ្លែឈើកំប៉ុងទាំងអស់ មិនសុទ្ធតែល្អនោះទេ ដោយវាក៏មានផ្ទុកជាតិស្ករខ្លះដែរ ខណៈដែលសារធាតុចិញ្ចឹមមួយចំនួនដូចជាវីតាមីន A និង E ជាដើម វាពុំបានរលាយក្នុងទឹកសព្វ ដូចយើងទទួលទានផ្លែឈើស្រស់ឡើយ។
តាមការស្រាវជ្រាវទឹកផ្លែឈើកំប៉ុង មានទឹកផ្លែស្រស់តែ ៥-១០ ភាគរយប៉ុណ្ណោះ សល់ប៉ុន្មានគឺសារធាតុទឹកធម្មតា ដែលមានលាយស្ករ និងសារធាតុបម្លែងពណ៌ ដែលទាំងអស់នោះ ក្រៅពីនាំឲ្យប៉ះពាល់សុខភាព ជាងនេះវាក៏បណ្តាលឲ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័សថែមទៀតផង។
២) ផឹកកាហ្វេដាក់ស្ករនិងទឹកដោះគោច្រើនពេក
ការទទួលទានកាហ្វេ បើទទួលទានកាហ្វេខ្មៅ បានគឺល្អបំផុត តែបើទទួលទានកាហ្វេទឹកដោះគោ យូរទៅគឺអាចនឹងឡើងទម្ងន់ទៅវិញទេ បើអ្នកប្រើកម្រិតស្ករខ្ពស់ពេក។ កាហ្វេ ១ ពែង ដែលដាក់ទឹកដោះគោ និងស្ករ វាអាចបន្ថែម ២៥០ ទៅ ៣០០ កាឡូរីដល់រាងកាយអ្នកដោយមិនដឹងខ្លួន។
ទម្លាប់ទទួលទានជាប្រចាំផង នោះនឹងបណ្តាលឲ្យអ្នកឡើងទម្ងន់រាងកាយ ដោយមិនច្បាស់ពីមូលហេតុ។ សន្សំម្តងបន្តិចៗ ក្នុងមួយឆ្នាំ តាមការស្រាវជ្រាវ រាងកាយមនុស្សញៀនកាហ្វេអាចឡើងទម្ងន់ដល់ទៅ ៧ គីឡូក្រាម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក