អ្នកចាត់ការលោក Ronald Koeman បានបញ្ជាក់មុនបើកការប្រកួតទល់ក្លឹប Villarreal រាត្រីនេះ ថានៅតំបន់ប្រយុទ្ធ នឹងមានកម្លាំងថ្មី ដែលមិនទាន់បានលេងសូម្បីមួយប្រកួត មកជួយក្រុមបានហើយ។ បញ្ជាក់បន្តិច Barcelona នឹងត្រូវតតាំង Villarreal នៅទឹកដី Camp Nou នាវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលព្រឹកថ្ងៃចន្ទ។
នោះគឺ Sergio Aguero ដែលគេបានត្រលប់មកជួយក្រុមបានវិញហើយ ក្រោយខកខានដោយសារបញ្ហារបួស តាំងពីខែសីហាកន្លងមក។ សប្តាហ៍កន្លងទៅនេះ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនក៏បានចូលរួមលេង ២៥ នាទីផងដែរលើទីលាននៅជំនួបមិត្តភាព។
ប្រាប់មុនបើកការប្រកួត Koeman ថា៖ "Aguero គេបានពង្រឹងនៅពេលចុងក្រោយ គេបានចូលលេង ២៥ នាទីនៅប្រកួតមិត្តភាព ហើយគេធ្វើបានល្អណាស់ តែគ្រាន់មិនទាន់ពេញលេញនៅកាយសម្បទា និងចង្វាក់នៃការប្រកួតទាំងមូល"។
លោកបន្ត៖ "តែយ៉ាងណាគេសម្រេចមានឈ្មោះនៅបញ្ជីប្រកួតទល់ Villarreal ព្រោះទេពកោសល្យរបស់គេគឺយើងបានដឹងហើយ គេអាចផ្តល់ឲ្យយើងច្រើន ដោយឡែកពេលគេទទួលបានចំនួននាទីលើទីលានកាន់តែច្រើន នោះគឺកាន់តែល្អ ដូចតែករណីរបស់ Ansu Fati អ៊ីចឹងដែរ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក