Liverpool កំពុងឈរប្រកៀកនឹង Chelsea នៅកំពូលតារាង Premier League ដោយមាន ១៨ ពិន្ទុ ក្រោយយកឈ្នះ Watford ៥-០ កាលពីយប់មិញ។ ក្រុមដឹកនាំដោយលោក Jurgen Klopp កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសកីឡាករ Mohamed Salah ដែល ១០ ប្រកួត រកបាន ១០ គ្រាប់និង Assist ៤ លើក។
សម្រាប់ការលេងរបស់កីឡាករអេហ្សីបនៅបើករដូវកាលថ្មី ២០២១/២២ ក៏ត្រូវបានអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ សរសើរមិនដាច់ពីមាត់ ហើយនិយាយថា កូនក្រុមខ្លួនកំពុងតែមានគុណភាពល្អជាងតារាឆ្នើម Leo Messi និង Cristiano Ronaldo ហើយ។
ប្រាប់ BT Sport ក្រោយចប់ការប្រកួត ជុំទី ៨ PL លោក Klopp ថា៖ "Salah ច្បាស់ណាស់ថា គេកំពុងក្លាយជាកីឡាករល្អដាច់គេមួយក្នុងលោកនៅពេលបច្ចុប្បន្ន សម្រាប់ខ្ញុំគេល្អដាច់គេហើយពេលនេះ"។
លោកបន្ថែមថា៖ "ខ្ញុំឃើញគេរៀងរាល់ថ្ងៃ ដូច្នេះវាងាយក្នុងការឲ្យខ្ញុំនិយាយ ដ្បិតបើនៅខាងក្រៅមាន Lewandowski, Ronaldo ឬ Messi ដែលនៅបន្តរកបានគ្រាប់បាល់យ៉ាងល្អអស្ចារ្យ តែពេលវេលានេះ ខ្ញុំសូមនិយាយថា Salah គេឈរនៅចំណាត់ថ្នាក់កំពូល"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក