តារាឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ក្រោយចប់ការប្រកួត ដែល Man Utd លេងចាញ់ Leicester City ២-៤ កាលពីយប់មិញ គឺបានបញ្ជាក់រឿងមួយច្បាស់លាស់ជាមួយលោក Ole Gunnar Solskjaer ហើយ។
នោះគឺពាក់ព័ន្ធនឹងពេលវេលាដែលគេត្រូវចូលលេងក្នុងការប្រកួត ដោយគេសុំឲ្យលោក Ole ស្តាប់តាមការណែនាំរបស់ Sir Alex Ferguson នោះគឺ ចង់ឲ្យ Ronaldo បង្ហាញខ្លួននៅជម្រើសដំបូងគ្រប់ការប្រកួតទាំងអស់។
ដ្បិតបើកន្លងមក Ole អះអាងថា ខ្លួនមិនយល់ស្របតាមយោបល់ Sir Alex ព្រោះវាជាធម្មតា ដែលកីឡាករត្រូវមានពេលវេលាសម្រាកខ្លះ។ តែបើតាមការចុះផ្សាយរបស់ TheSun បានឲ្យដឹងថា តារាឆ្នើមវ័យ ៣៦ ឆ្នាំ បាននិយាយទៅ Ole ហើយ ថាខ្លួនអាចចូលលេងបានគ្រប់ការប្រកួតនៅ Premier League ហើយក្នុងករណីដែលគេមិនស្រួល ឬជួបរបួសសាច់ដុំនោះគេនឹងប្រាប់មកគ្រូបង្វឹក ដើម្បីដកឈ្មោះរបស់គេ ពោលនឹងមិនលេងទាំងមានបញ្ហារបួសជាប់ខ្លួនឡើយ។
យ៉ាងណាយើងមិនទាន់ច្បាស់ ១០០ ភាគរយទេ ថាលោក Ole យល់ស្របតាមសំណើរបស់ Ronaldo ឬអត់ ខណៈដែលប្រកួតយប់មិញ គឺ CR7 បានលេងពេញ ៩០ នាទី ហើយគ្មានការប្តូរចេញអ្វីឡើយ។ ប្រកួតបន្ទាប់ Man Utd នឹងត្រូវលេងតទល់ Atalanta នាជុំទី ៣ វគ្គចែកពូល UEFA Champions League ហើយយើងនឹងរង់ចាំមើល ថាតើលោក Ole នឹងរៀបប្រព័ន្ធបែបណាបន្តទៅទៀត?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក