ពេលខ្លះទង្វើ ឬសកម្មភាពល្អរបស់មនុស្សម្នាក់ បានបង្ហាញចេញមកត្រឹមតែជាការពុតត្បុត ឬត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយនោះវាមិនមែនជាចរិតពីកំណើតរបស់គេទេ។ ប្រសិនអ្នកចង់ស្គាល់មនុស្សម្នាក់ច្បាស់ថា គេល្អពិតឬ សម្តែង អ្នកអាចចាំសង្កេតមើលនៅពេលវេលាទាំង ៣ ខាងក្រោមនេះបាន៖
៣) ពេលនិយាយរឿងលុយ
ពេលខ្លះបើគេជាអ្នកមាន គេមិនជាលំបាកប៉ុន្មានទេ ហើយយើងស្ថិតក្នុងពេលវេលាចាំបាច់មួយ ពេលយើងជួបបញ្ហាដែលមិនអាចដោះស្រាយចេញ យើងក៏ដង្ហោយរកជំនួយ។ ពេលនោះប្រសិនគេ អេះអុញ គេមិនបានជួយយើង គេស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយ នោះមានន័យថា មិត្តភាពកន្លងមកត្រឹមតែជាមិត្តភាពក្លែងក្លាយ។
ប្រសិនយើងលំបាកពិត យើងមិនបានខ្ចីលុយគេយកទៅលេងល្បែង យកទៅធ្វើរឿងហុឺហា ហើយម្នាក់នោះ គេមិនបានបង្ហាញទឹកចិត្តជួយយើង នោះវាជាពេលដ៏សក្តិសមបំផុត ដែលអ្នកអាចស្គាល់ច្បាស់ ពីចរិតរបស់គេដែលមានមកលើអ្នក។
២) ពេលខឹង
មនុស្សពេលខឹង គឺតែងតែបង្ហាញចេញមកអស់ហើយ មិនសូវចេះលាក់នោះទេ។ ដូច្នេះពេលនោះ អារម្មណ៍គេគិតបែបម៉េចមកលើយើង ចរិតរបស់គេជាមនុស្សបែបម៉េចមកលើយើង គឺគេនឹងបង្ហាញចេញមកទាំងអស់។
បើគេជាមនុស្សសប្បុរសពិត ជាមនុស្សមានការអត់ធ្មត់ និងជាមនុស្សដែលដឹងខុសត្រូវពិត គឺគ្មានអ្វីដែលអាចបន្លំភ្នែកយើងបានឡើយ នៅពេលដែលពួកគេខឹង គឺយើងអាចដឹងច្បាស់។
១) ពេលគេនិយាយជាមួយមនុស្សប្លែកមុខ
ពេលគេជួបមនុស្សប្លែកមុខ មិនមែនជាគ្នារបស់គេ ឬអ្នកដទៃនៅខាងក្រៅណាមួយ យើងសង្កេតមើលរបៀបរបបដែលគេបង្ហាញចេញមក តើការនិយាយស្តីរបស់គេថ្លៃថ្នូរ ដឹងចាស់ទុំ ខ្ពស់ទាបដែរឬទេ?
ឬចរិតរបស់គេចេញមក ល្អតែចំពោះមុខយើង ហើយនៅនឹងមុខអ្នកដទៃ គេជាមនុស្សក្រអឺតក្រទម ឈ្លើយ មិនដឹងចាស់ទុំ? ជឿថា ពេលវេលាទាំង ៣ ខាងលើ អ្នកប្រាកដជាដឹងអាចដឹងច្បាស់ពីចរិតមនុស្សម្នាក់បាន ហើយទោះមនុស្សពូកែធ្វើពុតប៉ុណ្ណា ក៏គេមិនអាចបន្លំយើងគ្រប់ពេលបានដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក