កន្លងមកនៅប្រកួត Man Utd ទល់ Everton អ្នកចាត់ការលោក Ole Gunnar Solskjaer ពុំបានដាក់ឲ្យ Cristiano Ronaldo ជាប់នៅជម្រើសដំបូងនោះទេ ពោលត្រឹមឲ្យលេងបម្រុង ហើយលទ្ធផលក្រោយចប់ការប្រកួតគឺក្រុមទាំងពីរស្មើ ១-១។ យ៉ាងណាលោក Sir Alex ជាអ្នកទស្សនា និងជាអតីតគ្រូចាស់នៅ United ក៏បានបង្ហាញការយល់ឃើញ ថាវាជារឿងខុស ដោយ Ole គួរតែដាក់ Cristiano Ronaldo ឲ្យលេងរៀងរាល់ការប្រកួត។
ឥឡូវមកមើលការបកស្រាយរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer មុនឈានដល់ការប្រកួត ទល់ Leicester City ពេលខាងមុខ លោកបានឆ្លើយតបទៅ Sir Alex វិញថា លោកនៅតែមិនយល់ស្របតាមដដែល ព្រោះលោកមានរបៀបដឹកនាំជាខ្លួនឯង ដែលកីឡាករមិនអាចមានកម្លាំងឯណាទៅលេងគ្រប់ការប្រកួតបានទេ។
បុរសសញ្ជាតិន័រវេស និយាយ៖ "ខ្ញុំមិនមានបញ្ហាអ្វីទេជាមួយរឿងនោះ [សាររិះគន់របស់ Sir Alex] ដោយខ្ញុំនៅតែមិនយល់ស្រប ហើយខ្ញុំក៏បានប្រាប់ទៅភរិយាខ្ញុំដូចគ្នា ថាមតិលើកឡើងរបស់ Sir Alex ខ្ញុំមិនយល់ស្របទេ"។
លោកបន្ត៖ "ខ្ញុំក៏ដឹងច្បាស់ដែរថា Sir Alex គាត់យល់ថាការលើកឡើងនោះពុំបានប៉ះពាល់ចិត្តខ្ញុំអ្វីទេ ព្រោះយើងម្នាក់ៗសុទ្ធតែចង់ឃើញ Cristiano លេង ព្រោះគេធ្វើបានល្អ គេជាកីឡាករដែលអ្នករាល់គ្នារីករាយនឹងទស្សនា"។
"តែយ៉ាងណាតាមផែនការណ៍របស់យើង គឺ Ronaldo គេមិនអាចលេងរៀងរាល់ការប្រកួតបានឡើយ នេះជារាងកាយមនុស្ស ធម្មជាតិរបស់មនុស្សគឺត្រូវតែបែបហ្នឹង ដូចតែកាលជំនាន់ Sir Alex ដឹកនាំ គាត់ក៏ប្រថុយឲ្យ Ryan Giggs, Wayne Rooney ឬ David Beckham បានសម្រាកខ្លះដែរ ទាំងអស់គឺជាកីឡាករល្អបំផុតដែលក្លឹបមានដូចគ្នា ហើយពេលខ្លះទៅលទ្ធផលចេញមកក៏ល្អ ខ្លះក៏មិនល្អទៅតាមនោះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក