ជាញឹកញយ Cristiano Ronaldo តែងតែមានអំណោយថ្មីៗជាបន្តបន្ទាប់ ជូនទៅកាន់មិត្តស្រី Georgina Rodriguez។ មានទាំងគ្រឿងអលង្ការ សំលៀកបំពាក់ រថយន្ត និងរបស់របរប្រើប្រាស់គ្រប់យ៉ាង គឺ Ronaldo ផ្គត់ផ្គង់ឲ្យអនាគតភរិយាមិនឲ្យទាស់ចិត្តឡើយ។
យ៉ាងណាកន្លងទៅនេះ ក៏មានកាដូគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ដែលកំពូលកីឡាករព័រទុយហ្គាល់បានរៀបចំជូនមិត្តស្រី នោះគឺជាទូដាក់គ្រឿងអលង្ការដែលរចនាជាម៉ូត Louis Vuitton ឬ LV ដែលវាមានតម្លៃដល់ទៅ ១០៥ ០០០ ផោនឬជាង ១៤០ ០០០ ដុល្លារឯណោះ។ តម្លៃប៉ុណ្ណេះ ល្មមយើងអាចចាយវាយទិញផ្ទះល្វែងមួយបានយ៉ាងធូរនៅក្នុងស្រុក។
Georgina បានបង្ហោះរូបភាពកាដូមួយនោះ ដែល Ronaldo ជូនមកកាន់ខ្លួន នៅលើបណ្តាញសង្គម Instagram ដែលវាមានកម្ពស់ជាង ១,៣ ម៉ែត្រ ហើយមានថតចំនួន ៨ អមជាមួយដោយកញ្ចក់ និងក្បាលម៉ារាកាំងដែល Georgina អាចព្យួរនូវខ្សែកដែលនាងចូលចិត្តបំផុតបាន។
ចំពោះឈុតគ្រឿងអលង្ការរបស់ Georgina ដែលមានជាប់នឹងខ្លួន ហើយនាងតែងប្រើប្រាស់ជារឿយៗ តាមការបូកបញ្ចូលគឺមិនក្រោម ៣ លានដុល្លារនោះទេ។ នេះបើតាមសារព័ត៌មាន TheSun បានចុះផ្សាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក