ក្លឹបមេឃខៀវ Manchester City នៅរយៈពេលចុងក្រោយ ត្រូវបានគេមើលឃើញថា ហាក់កំពុងគរជើងកីឡាករលេងតំណែងស្លាបប្រយុទ្ធ ដែលពួកគេបានខកខានមិនសូវបានលេងជាប់លាប់ ឬពេញជើងទៀងទាត់ដូចមុនទៀតនោះទេ។ នេះក៏ជាហេតុនាំឲ្យកីឡាករខ្លះ មានបំណងចង់ចាកចេញ ដ្បិតសុពលភាពកុងត្រាសល់ពេលយូរទៅមុខទៀតក្តី។
ជាក់ស្តែងដូចជា Raheem Sterling ដែលគេជាកីឡាករកំពូល ពោរពេញដោយគុណភាពកំពុងជាន់ Role ជាមួយនឹង Jack Grealish នាំឲ្យរដូវកាលថ្មី ២០២១/២២ គេទើបបង្ហាញខ្លួន ៤៦១ នាទីគត់ ធៀបនឹងកីឡាករសកម្មផ្សេងទៀតបានជិត ១ ពាន់នាទី។
Sterling ក៏ស្រាប់តែបង្ហើបពីផែនការណ៍ចង់ចាកចេញ ដោយនិយាយកន្លងទៅនេះថា៖ "ប្រសិនជាមានឱកាសទៅលេងនៅក្លឹបថ្មីណាមួយពេលនេះ ខ្ញុំបើកចិត្តយ៉ាងទូលាយនៅពេលវេលានេះ ដោយក្នុងនាមជាកីឡាករអង់គ្លេសម្នាក់ ខ្ញុំដឹងច្បាស់ពី Premier League តែខ្ញុំក៏ធ្លាប់គិតថា ថ្ងៃណាមួយនឹងទៅលេងនៅក្រៅស្រុកផងដែរ ហើយចង់ដឹងថាខ្ញុំអាចប្រកួតប្រជែងបានដល់កម្រិតណា"។
គួរបញ្ជាក់ថា Sterling បានមករួមជើងនៅក្លឹបម្ចាស់ដី Etihad ចាប់តាំងពីរដូវក្តៅ ឆ្នាំ ២០១៥ ពោលគិតមកទល់ពេលនេះមានរយៈពេលជាង ៦ ឆ្នាំហើយ។ សុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។ ស្ថិតិជារួមជាមួយក្លឹប គេរកបាន ១១៥ គ្រាប់និង Assist ៨៨ លើកនៅការបង្ហាញខ្លួនសរុប ៣០២ ប្រកួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក