អតីតគ្រូចាស់លោក Sir Alex Ferguson កន្លងទៅនេះ បានបង្ហាញការយល់ឃើញ អំពីកីឡាករដែលសក្តិសមនឹងក្លាយជាម្ចាស់ពាន Ballon d'Or ឆ្នាំ ២០២១ ដែលត្រៀមប្រកាសនាថ្ងៃទី ២៩ វិច្ឆិកាខាងមុខ។
ជាការពិតស្ថាប័ន France Football បានបញ្ចេញមកហើយនូវបេក្ខភាព ៣០ រូបចុងក្រោយ ដែលត្រូវប្រជែងពានឯកត្តជនខាងលើ ហើយការយល់ឃើញរបស់មតិភាគច្រើន បានចុចឈ្មោះ Jorginho, Karim Benzema, N'Golo Kante និង Robert Lewandowski ជាដើម។
តែយ៉ាងណាលោក Sir Alex នៅតែរក្សាគោលជំហរគាំទ្រ កូនធម៌របស់លោកជានិច្ច នោះគឺ Cristiano Ronaldo។ ប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះ គ្រូតាសញ្ជាតិស្កុតឡែននិយាយថា៖ "Cristiano Ronaldo គេសក្តិសមនឹងឈ្នះពាន Ballon d'Or ព្រោះឆ្នាំនេះ គេបានបំបែកនូវកំណត់ត្រាជាច្រើនជាបន្តបន្ទាប់"។
ជាការពិត បើយើងនិយាយអំពីរឿងរ៉ាវបំបែកកំណត់ត្រា គឺ CR7 ធ្វើបានច្រើនទាំងកាលនៅពានរង្វាន់ Euro ក៏ដូចជាកំណត់ត្រាការរកគ្រាប់បាល់ យកឈ្នះអ្នកគ្រងចាស់ Ali Daei ហើយពេលខាងមុខ អាចនឹងត្រៀមបំបែកកំណត់ត្រាផ្សេងទៀតនៅវគ្គជម្រុះបឋម FIFA World Cup ផងដែរ។ ចុះសម្រាប់អ្នកវិញ គិតថា Ronaldo ជាបេក្ខភាពដ៏សក្ដិសមបំផុត ដូចលោក Sir Alex ដែរឬយ៉ាងណា?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក