ការមករដូវ ឬមកខែ ជាធម្មជាតិរបស់ស្រ្តីម្នាក់ៗ តែកំឡុងពេលនោះ ពួកគេក៏ត្រូវយល់ដឹងពីរបៀបមើលថែរាងកាយឲ្យបានល្អផងដែរ។ មានរឿងដែលត្រូវជៀសវាងជាច្រើន ដែលអ្នកមិនគួរធ្វើនៅពេលមករដូវ ព្រោះវាអាចធ្វើឲ្យយើងចាស់ជាងវ័យ។
ខាងក្រោម Knongsrok ណែនាំដល់ស្រ្តីគ្រប់រូប ត្រូវបញ្ចៀសការទទួលទានភេសជ្ជៈ ៥ ប្រភេទ ដែលអាចនាំឲ្យចាស់ជាងវ័យ និងរងការឈឺចាប់ធ្ងន់ធ្ងរ៖
៥) ទឹកដោះគោ យ៉ាអួរ
បើតាមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបានណែនាំថា ការទទួលទានទឹកដោះគោ កំឡុងពេលមករដូវ វាមិនបានផ្តល់ប្រយោជន៍សម្រាប់រាងកាយនោះទេ។ ផ្ទុយទៅវិញវាអាចបង្កទៅជាផលប៉ះពាល់ នាំឲ្យហើមពោះទៅវិញ ជាងនេះក៏បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងធាត់ផងដែរ។
៤) ទឹកត្រជាក់
កំឡុងពេលមករដូវ គឺស្បូនត្រូវបានបើកដើម្បីជំរុញឈាមឲ្យចេញ ហើយវាក៏ជាដំណើរការបន្សាបជាតិពុលចេញពីរាងកាយផងដែរ។ តែយ៉ាងណា ការទទួលទានភេសជ្ជៈត្រជាក់ខ្លាំង វានឹងបង្កផលប៉ះពាល់ ដោយវានឹងធ្វើឲ្យលំហូរនោះត្រូវបានបញ្ឈប់ ឬមិនអាចរុញចេញមកខាងក្រៅ នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធ Endocrine ជាហេតុនាំឲ្យរាងកាយទទួលរងការឈឺចាប់ខ្លាំង។
៣) តែខាប់
មនុស្សជាច្រើនទម្លាប់ផឹកតែ ដើម្បីបំបាត់អារម្មណ៍តានតឹង ឬស្រេកទឹក តែភ្លេចថាខ្លួនឯងចំថ្ងៃមករដូវ។ តែយ៉ាងណាកំឡុងពេលមករដូវ ការទទួលទានតែ គឺអាចធ្វើឲ្យអ្នកមានអារម្មណ៍តឹងទ្រូង ឈឺពោះកាន់តែធ្ងន់ធ្ងរទៅវិញទេ ហើយថែមទាំងឆាប់អស់កម្លាំងថែមទៀតផង។
២) ភេសជ្ជៈមានជាតិអាកុល
ជាតិអាកុល នឹងរំខានដល់ការប្រែប្រួលអរម៉ូនក្នុងរាងកាយ និងផ្លាស់ប្តូរការបញ្ចេញពងអូវុល ប៉ះពាល់ដល់វដ្ដ និងបរិមាណនៃឈាមរបស់ស្រ្តី។ ម្យ៉ាងវិញទៀតវាក៏ជះឥទ្ធិពលដល់សម្រស់រាងកាយ នាំឲ្យស្រ្តីនោះឆាប់ចាស់ជាងវ័យ ហើយនាំឲ្យមានអារម្មណ៍មិនស្រួលនិងចុកពោះលើសដើម។
១) កាហ្វេ
កាហ្វេគឺជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្ត ព្រោះវាជួយឲ្យបាត់ងងុយគេង ឬជួយឲ្យមានកម្លាំងធ្វើការ។ តែយ៉ាងណាវាមិនខុសពីការផឹកស្រាទេ និយាយអំពីការទទួលទានកាហ្វេពេលមករដូវ។
ដោយសារវាជំរុញខ្លាំងពេកក្នុងការបញ្ចេញអរម៉ូនអឺស្រ្តូសេន នាំឲ្យវាដំណើរការភាពចាស់លឿននៃស្បូននិងអូវែ ក៏ជាដើមហេតុនាំឲ្យមុខឡើងមុន ហើយចាស់ជាងវ័យលឿន។ ជាងនេះវាក៏នឹងធ្វើឲ្យកើនឡើងសម្ពាធឈាម ចង្វាក់បេះដូងលោតញាប់ និងស្រ្តេសជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក