អ្នកចាត់ការក្លឹបបារាំង Paris Saint-Germain លោក Mauricio Pochettino បានលើកឡើងកាលពីពេលកន្លងទៅ ជុំវិញអ្នកដែលលោករំពឹងអាចលើកពានរង្វាន់ Ballon d'Or ប្រចាំឆ្នាំ ២០២១ ក្រោយ France Football ប្រកាសចេញនូវបេក្ខភាពទាំង ៣០។
ដ្បិតបើមតិជាច្រើន សម្លឹងទៅលើឈ្មោះ Jorginho និង N'Golo Kante ជាដើម តែយ៉ាងណាសម្រាប់ Pochettino គឺមើលឃើញផ្សេង ហើយជឿថាកូនក្រុមខ្លួន Lionel Messi ឯណេះទេ ដែលសក្តិសមបំផុត។
ប្រាប់ទៅកាន់សារព័ត៌មាន El Partidazo de COPE អ្នកចាត់ការសញ្ជាតិអាហ្សង់ទីននិយាយ៖ "ពាន Ballon d'Or គួរតែធ្លាក់ទៅលើដៃ Messi ដោយគ្មានការសង្ស័យអ្វីទាំងអស់"។
លោកសង្កត់ធ្ងន់៖ "ដ្បិតបើខ្ញុំមិនមែនជាគ្រូបង្វឹក Messi ក៏ខ្ញុំនៅតែនិយាយថា Messi សក្តិសមបំផុតដែរ នេះចម្លើយចេះពីបេះដូង ខ្ញុំតែងតែនិយាយនូវអ្វីចេញពីចិត្ត ហើយអ្នកបន្ទាប់ក្រៅពី Messi គឺមានតែ Lewandowski និង Cristiano Ronaldo"។
គួរបញ្ជាក់ថា ការប្រកាសអ្នកឈ្នះចុងក្រោយបង្អស់ នឹងធ្វើឡើងនៅថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ពោលគឺលឿនជាងរាល់ឆ្នាំ ដែលត្រូវប្រកាសនៅកំឡុងខែធ្នូឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក