ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា ឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករវ័យក្មេងនៅក្លឹបមួយរូបហើយ អំពីការបន្តកុងត្រាថ្មី និងប្រកាសតម្លៃផ្តាច់កុងត្រាថ្មីដែលមានតម្លៃដល់ទៅ ១ ពាន់លានអឺរ៉ូ។
បើតាមរបាយការណ៍ចុះផ្សាយពី Fabrizio Romano នោះគឺ កីឡាករ Pedri ដែលក្លឹប Barcelona ចង់ដំឡើងថ្លៃពលកម្មថ្មីឲ្យ តាមរយៈការបន្តកុងត្រា ៥ ឆ្នាំ បន្ថែម ដែលនឹងមានសុពលភាពដល់ចុងខែមិថុនាឆ្នាំ ២០២៦។
តែយ៉ាងណាក្នុងកិច្ចព្រមព្រៀងនោះ Pedri ក៏នឹងមានតម្លៃផ្តាច់កុងត្រាខ្ពស់កប់ពពកដល់ទៅ ១ ពាន់លានអឺរ៉ូ ឬ ៨៥០ លានផោន។ នេះមានន័យថា ក្លឹបណាដែលចង់បាន Pedri ហើយមិនចង់ឆ្លងកាត់ក្លឹបអាណាព្យាបាលសម្រេច គឺអាចបោះលុយ ១ ពាន់លានអឺរ៉ូយកគេទៅបាន។
រំឭកថា Pedri បានបង្ហាញខ្លួនសរុប ៥៦ ប្រកួតឲ្យ Barcelona រាប់ចាប់ពីការផ្ទេរមកចូលរួមនៅខែមិថុនា ឆ្នាំ ២០២០ ហើយគេក៏រកបាន ៤ គ្រាប់និង Assist ៦ លើកផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក