អតីតជើងចាស់លោក Frank Leboeuf បានបង្ហាញការយល់ឃើញកាលពីពេលកន្លងទៅថា ក្លឹបយក្ស Real Madrid លែងជាឈ្មោះក្លឹបដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពានរង្វាន់ Champions League ដូចពីមុនទៀតហើយ រួចក៏បានណែនាំឲ្យតារាឆ្នើមសញ្ជាតិបារាំង យកល្អកុំផ្ទេរមកឲ្យសោះ។
អតីតកីឡាករ Chelsea ខាងលើបង្ហាញការជឿជាក់បែបនេះ ក្រោយពេលដែល PSG កៀកនឹងយកបានពានរង្វាន់អឺរ៉ុបនៅរយៈពេលចុងក្រោយ ខណៈ Real Madrid លើកបាន ១៣ លើក ដែលលើកចុងក្រោយនៅឆ្នាំ ២០១៨។
បើតាមការលើកឡើងរបស់ Leboeuf និយាយថា៖ "ខ្ញុំបានជួប Mbappe ប្រហែល ២ ខែមុន នៅកំឡុងពេលប្រកាស Messi ហើយខ្ញុំប្រាប់ទៅគេថា Kylian អ្នកគួរតែធ្វើនូវអ្វីដែលអ្នកមានអារម្មណ៍មើលឃើញដូចពេលជាក់ស្តែង ហើយកុំឲ្យមានការស្តាយក្រោយ តើអ្នកចង់បានអ្វីឲ្យប្រាកដ"។
លោកសង្កត់ធ្ងន់៖ "គិតពេលនេះទៅ តើក្លឹបណាធំបំផុតក្នុងលោកដែលអាចឈ្នះពាន Champions League? នោះគឺមានតែ Man City, Liverpool, Bayern Munich, Chelsea និង Paris Saint-Germain ទេ ហើយខ្ញុំក៏សុំទោស ដោយមិនបង្ហាញការគោរពចំពោះក្លឹបយក្សមួយ តែស្មោះត្រង់ទៅខ្ញុំមើលមិនឃើញ Real Madrid អាចលើកពាន UCL នៅរដូវកាលនេះ ឬរដូវកាលក្រោយឡើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក