ការដាំទឹក ស្តាប់ទៅជារឿងសាមញ្ញ នរណាក៏ចេះ នរណាក៏អាចធ្វើបាន តែយ៉ាងណាវាក៏មានក្បួនខ្នាតវាត្រឹមត្រូវដែរ ហើយបើយើងមិនចាប់អារម្មណ៍ចេះតែបន្ត នោះដូចកំពុងឲ្យរាងកាយទទួលទានទឹក ដែលមិនល្អមួយអ៊ីចឹង។ ខាងក្រោម Knongsrok បង្ហាញពីកំហុស ៣ ដែលកើតចេញពីការដាំទឹក៖
៣) ទឹកមិនទាន់ពុះស្រួល
កុំពេលដាក់កំសៀវភ្លាម តែប៉ុន្មាននាទីឃើញពពុះនិងផ្សែងហុយចេញមក គិតថាទឹកនោះពុះ តាមពិតទៅវាមិនទាន់ពុះស្រួលនោះទេ។
ជាទូទៅសីតុណ្ហភាពទឹក ដែលនៅក្រោម ១០០ អង្សា នោះវានឹងមិនអាចកម្ចាត់បាក់តេរីបានល្អឡើយ ផ្ទុយទៅវិញទឹកដែលដាក់ភ្លាម តែប៉ុន្មាននាទីឃើញពពុះហុយចេញមក គឺទើបតែបាន ៥០ អង្សាសេអីប៉ុណ្ណោះឯង ដែលមានន័យថា ទឹកក្តៅមែនពិត តែបាក់តេរីមិនទាន់បានកម្ចាត់ត្រូវស្តង់ដារនៅឡើយ។
២) ប្រើទឹកចេញពីទុយយោ ឬរូម៉ាណេទាំងព្រឹក
ទឹកនៅពេលព្រឹក ពេលបង្ហូរចេញពីទុយយោឬក្បាលរូម៉ាណេក្តី អ្នកជំណាញបានណែនាំឲ្យបង្ហូរទឹកនោះចោល ៥ នាទីសិន អាចយកវាទៅប្រើប្រាស់ក្នុងគោលបំណងស្រោចរុក្ខជាតិ ឬលាងបង្គន់ជាដើមអីបាន។
ប៉ុន្តែយកមកក្នុងគោលបំណងទទួលទានគឺមិនល្អឡើយ។ ក៏ដោយសារតែជាធម្មតា ទឹកនៅពេលវាឆ្លងកាត់រយៈពេលមួយយប់ពេញ នោះបំពង់ទុយយោ ឬបំពង់ដែកនឹងមានប្រតិកម្មបង្កទៅសារធាតុគ្រោះថ្នាក់ ក៏ដូចជាបាក់តេរីជាប់កកកុញច្រើន ពោលមិនល្អសម្រាប់សុខភាពឡើយ។ ដូច្នេះគួរបង្ហូរវាចោលប៉ុន្មាននាទីសិន សឹមយកកំសៀវទៅត្រងយកមកដាំ។
១) ភ្លេចបើកគំរបចំហចោល
ជាធម្មតាសព្វថ្ងៃនេះ ទឹកសម្បូរទៅដោយជាតិក្លរីន ដែលវាជាសារធាតុអាចបង្កជាតិពុលមួយចំនួន ដែលយើងមើលមិនឃើញ ហើយអាចប៉ះពាល់ទៅដល់ថ្លើមនិងតម្រងនោមរបស់មនុស្សយើងម្នាក់ៗបាន។
ដូច្នេះហើយតាមទម្លាប់របស់អ្នកជំនាញ គេណែនាំឲ្យនៅពេលដាំទឹកពុះ អ្នកមិនត្រូវចាក់វាមកទទួលទានភ្លាមឡើយ ពោលត្រូវបើកគំរបហើយបន្តឲ្យទឹកនោះនៅពុះលើចង្រ្កានរយៈពេល ២ នាទីសិន ដើម្បីឲ្យវាហួតជាតិពុលអស់ពីទឹក មិនដូច្នេះទេ ជាតិពុលខ្លះវានៅតែផ្អាប់ក្នុងទឹកនោះដដែល ទោះឆ្លងកាត់សីតុណ្ហភាពខ្ពស់ហើយក៏ដោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក