បើតាមការចុះផ្សាយរបស់គេហទំព័រក្រៅស្រុក បានឲ្យដឹងថាថ្មីៗនេះអ្នកជំនាញបាននឹងកំពុងព្រមាន ទៅដល់មនុស្សរាល់គ្នា អំពីរោគសញ្ញាថ្មីដែលបានកើតឡើងលើអ្នកកើតជំងឺកូវីដ-១៩ ដែលវាអាចធ្វើឲ្យមនុស្សភាគច្រើន ច្រឡំជាមួយនឹងជំងឺផ្សេង ហើយគិតថាមិនអី៖
៥) របកស្បែក
ស្រ្តីម្នាក់ដែលឆ្លងវីរុស SARS-CoV-2 បាននិយាយថា ស្បែករបស់នាងចាប់ផ្តើមរបក ដែលវាជារោគសញ្ញាចម្លែកមួយ។ នេះវាមិនមែនបង្កមកពីវីរុសទេ តែជាការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងធាតុបង្កជំងឺ។
តាមការពន្យល់ពីសាស្រ្តាចារ្យនៅចក្រភពអង់គ្លេសលោក Tim Spector និយាយថា រោគសញ្ញានៃជំងឺកូវីដ-១៩ ក៏អាចបណ្តាលឲ្យអ្នកជួបបញ្ហាហើម រមាស់ និងរបកស្បែកជើងដៃផងដែរ។
៤) ស្បែកឡើងជ្រួញ
បើសុខៗស្បែកឡើងជ្រីវជ្រួញខុសធម្មតា ដែលមិនមកពីអ្នកប៉ះទឹកយូរ នោះក៏ជារោគសញ្ញាមួយនៃជំងឺកូវីដ-១៩ ផងដែរ។ បើតាមការឲ្យដឹង ពីស្រ្តីវ័យ ២៣ ឆ្នាំម្នាក់នៅក្រៅស្រុក និយាយថា ក្រោយថ្ងៃទី ៥ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកផ្ទុកកូវីដ ដៃរបស់នាងចាប់ផ្តើមឡើងរួញ ចេញជាស្នាមជ្រីវជ្រួញ ដូចជាដៃដែលគេត្រាំទឹករយៈពេលយូរអ៊ីចឹង។
៣) ឡើងរមាស់
អ្នកផ្ទុកជំងឺ COVID-19 វ័យ ៣១ ឆ្នាំ មួយរូបផ្សេងទៀត និយាយថា បន្ទាប់ពីមានអាការៈផ្តាសាយ ខ្លួនក៏ចាប់ផ្តើមទទួលបានសភាពរមាស់ស្បែក ហើយបបូរមាត់ក៏ឡើងហើម ដែលវាជារោគសញ្ញាដែលពិបាកមើលដឹងថាកើតជំងឺកាចសាហាវនោះខ្លាំងណាស់។
២) កន្ទួលក្រហម
យោងតាមការសិក្សាមុនៗចេញពីប្រទេសចិន និងអ៊ីតាលី សម្រាប់អ្នកផ្ទុកជំងឺ COVID-19 ប្រមាណ ២៦ ភាគរយ គឺរមែងមានបញ្ហាលើស្បែក ដោយពេលមេរោគជ្រៀតចូលក្នុងខ្លួន ពួកគេក៏ចាប់ផ្តើមឡើងកន្ទួលក្រហម។
១) គេងមិនលក់
មនុស្សជាច្រើននិយាយថា បន្ទាប់ពីឆ្លងវីរុស SARS-CoV-2 ពួកគេរមែងមានបញ្ហាគេងមិនលក់ ដោយអ្នកខ្លះច្រឡំថានេះជាជំងឺស្រ្តេស តែតាមពិតទៅ វាជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើននៃជំងឺកូវីដទៅវិញទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក