យោងតាមអ្នកជំនាញ ផ្នែកគេង បានណែនាំនូវរបស់ដែលអ្នកត្រូវដោះ និងពាក់លើរាងកាយនៅពេលគេង ព្រោះជាការពិត ការគេងគឺសំខាន់ណាស់ក្នុងការកំណត់នូវដំណើរការសុខភាពរបស់មនុស្សយើងម្នាក់ៗ ក៏ដូចជាជួយលើកសម្រស់ផងដែរ៖
៣) ដោះអាវទ្រនាប់
មនុស្សជាច្រើនគិតថា ការពាក់អាវទ្រនាប់ដើម្បីបញ្ចៀសការយារធ្លាក់នៃសុដន់។ តែយ៉ាងណាពួកគេមិនបានដឹងនោះទេ ថាវាប៉ះពាល់សុខភាពធ្ងន់ធ្ងរខ្លាំងណាស់។ មូលហេតុគឺដោយសារអាវទ្រនាប់ វារារាំងនូវចរន្តឈាម មិនឲ្យដំណើរការបានល្អ នាំឲ្យពិបាកដកដង្ហើមពេញមួយយប់ កំឡុងពេលគេង។
លើសពីនេះខ្សែក្រវាត់នៃអាវ ក៏ដូចជាទំពក់របស់វានោះ ក៏អាចនាំឲ្យស្បែកឡើងជាំ និងរលាកបានផងដែរ ដល់យូរទៅអាចបណ្តាលឲ្យកើតជាដុំពក។ ប្រសិនស្ថិតក្នុងអាកាសធាតុសើម វាងាយនឹងបង្កមេរោគផ្សិតថែមទៀត។ ដូច្នេះយប់ឡើង ល្អបំផុតគឺមិនចាំបាច់ប្រើប្រាស់វាទេ។
២) ដោះគ្រឿងអលង្ការ
ប្រហែលជាអ្នកចូលចិត្តពាក់ក្រវិល ឬចិញ្ចៀន មិនបានចាប់អារម្មណ៍រឿងទាំងនេះទេ តែបើស៊ីជម្រៅទៅវាមិនល្អឡើយសម្រាប់សុខភាព។
ក្រៅពីងាយឲ្យរលាកស្បែក ទៀតសោតក៏ងាយធ្វើឲ្យស្បែកឡើងជាំ ឬស្នាមកោស នៅទីតាំងដែលយើងពាក់គ្រឿងលម្អនោះផងដែរ។ ជួនខ្លះទៅរបស់ខ្លះមុតស្រួច ដូច្នេះនៅពេលគេង យើងអាចប្រឈមនឹងគ្រោះថ្នាក់ក៏ថាបាន។
១) លុបលាងគ្រឿងសម្អាង
ដោយសារហត់ពេល រវល់ពេក ភ្លេចខ្លួនក៏គេងទាំងជាប់គ្រឿងសម្អាងនៅលើមុខ។ នេះមិនត្រឹមតែធ្វើឲ្យសភាពមុខកកកុញទៅដោយធូលី និងជាតិប្រេងប៉ុណ្ណោះទេ តែបាក់តេរីដែលជាប់លើមុខ ក៏ដូចជាបង្កចេញពីគ្រឿងសម្អាងក៏ត្រូវជាប់ពេញមួយយប់ ងាយបង្កឲ្យស្ទះរន្ធញើស និងងាយកើតមុនផងដែរ។
យកល្អអ្នកត្រូវឆ្លៀតពេលលុបលាងសម្អាតមុខជាមុនសិន មុនពេលចូលគេង ដែលនេះអាចធ្វើឲ្យស្បែកភ្លឺថ្លា និងអាចការពារភាពចាស់មុនអាយុបាន។
៣) គួរស្លៀកពាក់ខោអាវរលុងៗ
សំលៀកបំពាក់តឹងៗ មិនល្អនោះទេ សម្រាប់ការស្លៀកពាក់គេងពេលយប់ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងជះផលអវិជ្ជមានរយៈពេលយូរ។ វាធ្វើយើងពិបាកដកដង្ហើម និងពិបាកក្នុងការគេងឲ្យស្កប់ស្កល់ថែមទៀត។ ដូច្នេះយកល្អ ត្រូវស្លៀកពាក់របស់ដែលមានសភាពរលុង គឺល្អបំផុត។
២) ពាក់ស្រោមជើង
ការពិតទៅ ការពាក់ស្រោមជើងនៅពេលគេង គឺអាចបន្ថែមកម្តៅបាតជើង ជួយបញ្ចុះសម្ពាធឈាម និងធ្វើឲ្យរាងកាយ ឆាប់ងងុយគេង។ ជាងនេះវាក៏ជួយការពារភាពប្រេះ និងស្ងួតនៃបាតជើងផងដែរ។
១) ពាក់អាវកប្បាស
ប្រភេទអាវកប្បាស វាមានផាសុកភាពនិងទម្ងន់ស្រាល ជាជម្រើសល្អបំផុត សម្រាប់ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់។ លើសពីនេះទៀត កប្បាសក៏ធ្វើឲ្យស្បែកងាយស្រួលដកដង្ហើម និងមិនឡើងកន្ទួល ឬអាឡែហ្សីណាមួយថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក