មនុស្សស្រីបើចង់មានសុភមង្គល មិនចង់ធ្លាក់ក្នុងភាពទុក្ខសោក គឺត្រូវចាំថា កុំឲ្យខ្លួនឯងធ្លាក់ទៅក្នុងរណ្តៅល្ងង់ខ្លៅទាំង ៥ ខាងក្រោមនេះឲ្យសោះ៖
៥) មានស្នេហាច្រើន
ទម្រាំរកបានមនុស្សប្រុសស្មោះត្រង់ម្នាក់ មនុស្សស្រីខ្លះបានព្យាយាមហើយព្យាយាមទៀត រហូតក្លាយទៅជាកំហុស ធ្វើឲ្យខ្លួនឯងឈឺចាប់រាប់ភ្លេច។ តាមពិតទៅ កាន់តែវ័យរាងចំណាស់ អ្នកកាន់តែត្រូវគិតឲ្យបានល្អិតល្អន់ ជាជាងការចំណាយពេលទៅលើមនុស្សខុស ដូច្នេះកុំគិតថាមានស្នេហាច្រើនបន្តបន្ទាប់ជារឿងល្អអី ព្រោះចុងក្រោយនាំតែទុក្ខ នាំតែខូចឈ្មោះខ្លួនឯងទេ។ យកល្អមុនរើសនរណា ត្រូវគិតឲ្យបានវែងឆ្ងាយ។
៤) កុំស្រលាញ់គេ ដើម្បីយកគេជាស្មាបង្អែក
បើអ្នកសម្លឹងឃើញបុរសដែលអ្នកស្រលាញ់ ជាស្មាបង្អែក ១០០ ភាគរយ ដោយអ្នកចាំតែឲ្យគេមើលថែ ចាំតែឲ្យគេផ្គត់ផ្គង់គ្រប់បែបយ៉ាង នោះទៅថ្ងៃណាមួយ ពេលដែលគ្មានគេ អ្នកនឹងធ្លាក់ក្នុងភាពឈឺចាប់ខ្លាំងបំផុត។
ត្រូវចាំថា គ្រប់គ្នាមិនអាចនៅជាមួយយើងរហូតទេ វាជាការចាររបស់ធម្មជាតិដែលអ្នកត្រូវតែទទួលយក ដូច្នេះគួររៀនចេះមើលថែខ្លួនឯង ផ្គត់ផ្គង់ទៅលើខ្លួនឯង ហើយកុំរង់ចាំតែគេទាំងអស់ពេកអី។
៣) កុំលះបង់ទៅលើគេខ្លាំងពេក
ស្នេហារមែងមានទៅមានមក មិនអាចយើងតែម្ខាងស្រលាញ់គេខ្លាំងពេក លះបង់ឲ្យគេខ្លាំងពេក នោះទេ។ ទាំងការយកចិត្តទុកដាក់ ការព្រួយបារម្ភ អ្នកត្រូវមើលថា តើបុរសនោះគេធ្វើសម្រាប់អ្នកប៉ុណ្ណា បើអ្នកទៅតែម្ខាង មិនយូរមិនឆាប់ក៏គង់តែបែក គង់តែឈឺចាប់ម្នាក់ឯង ដូច្នេះកុំលះបង់ខ្លាំងពេក រហូតភ្លេចអស់តម្លៃខ្លួនឯង។
២) រៀនទុកចន្លោះឲ្យដៃគូ
ឧទាហរណ៍៖ នៅអាហារពេលល្ងាច អ្នកមានទម្លាប់រង់ចាំរហូតដល់ស្វាមីអ្នកត្រលប់មកផ្ទះ អ្នកដាក់សម្ពាធមិនឲ្យគាត់មានពេលវេលាជួបជុំមិត្តភក្តិក្នុងកម្មវិធីណាមួយ ហើយពេលមកដល់ផ្ទះបែរជាប៉ះពាក្យប៉ះសម្តី តើវាក្តីសុខត្រង់ណាទៅ?
ស្នេហាគឺជាការយោគយល់ ការឲ្យចន្លោះគ្នាទៅមក ស្រលាញ់គឺស្រលាញ់ហើយ តែទាំងសងខាងក៏គួរមានពេលវេលាសម្រាប់ខ្លួនឯងខ្លះដែរ។ ដូច្នេះបើយូរៗម្តង គាត់មានការងាររវល់ ឬជួបជុំមិត្តភក្តិ ក៏អ្នកគួរផ្តល់ពេលវេលាសម្រាប់គាត់ ហើយអ្នកក៏កុំដាក់សម្ពាធលើខ្លួនឯង អ្នកក៏ទៅទទួលទានបាយមុនទៅ រួចសល់ពេលក៏ធ្វើអ្វីសម្រាប់ភាពរីករាយដល់ខ្លួនឯង ដូចជាការជជែកជាមួយមិត្តភក្តិបន្ទាប់ពីនោះ ឬជជែកជាមួយគ្រួសារអ្វីជាដើមក៏បាន។
១) កុំធ្វើខ្លួនជាអ្នកបម្រើ
កុំបណ្តោយឲ្យខ្លួនឯងក្លាយទៅជាអ្នកបម្រើ ក្លាយទៅជាស្រ្តីមេផ្ទះ ដែលភ្លេចអស់តម្លៃរបស់ខ្លួនឯង។ តាមពិតទៅសម័យនេះ បើអាចចេញធ្វើការរកស៊ីព្រមគ្នាបានគឺល្អ ហើយមនុស្សស្រីខ្លះ ពូកែរកស៊ីជាងបុរសទៀតផង។
ដូច្នេះកុំបណ្តោយឲ្យខ្លួនឯងក្លាយទៅជាស្រីបម្រើក្នុងផ្ទះ ហើយកុំឲ្យស្វាមីប្រើប្រាស់អារម្មណ៍មួយថា គាត់ហត់នឿយតែម្នាក់ឯង។ ប៉ុន្តែវាក៏ស៊ីសងលើស្ថានភាពគ្រួសារមួយចំនួនដែរ បើប្តីរកបាន ហើយប្តីយល់ពីប្រពន្ធដែរ មិនមានការត្អូញត្អែរ ឬនៅតែយល់ពីតម្លៃរបស់ប្រពន្ធ នោះវាជារឿងល្អទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក