ប្រអប់ជើងមិនត្រឹមជាផ្នែកសំខាន់នៃរាងកាយ ក្នុងការថ្មើរជើងមួយប៉ុណ្ណោះទេ តែតាមក្បួននរវិទ្យាគេក៏អាចទស្សន៍ទាយដឹងពីអនាគតនិងលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗបានផងដែរ៖
មេជើង
ប្រសិនផ្នែកមេជើងរបស់អ្នកធំ ហើយវែងជាងម្រាមជើងដទៃណាទាំងអស់ នោះអ្នករមែងជាមនុស្សឈ្លាសវៃ ពោរពេញដោយភាពច្នៃប្រឌិត តែយ៉ាងណាក៏មានពេលវេលាខ្លះ ធ្វើឲ្យអ្នកពិបាកចិត្ត ហើយចង់បោះបង់ចោលពាក់កណ្តាលទីម្តងម្កាលដែរ។
យ៉ាងណាប្រសិនអ្នកមានមេជើង ជាម្រាមដែលមិនវែងឬខ្ពស់ជាងគេ នោះអ្នកជាមនុស្សដែលទទួលបន្ទុកច្រើនក្នុងជីវិត ចូលចិត្តធ្វើការច្រើនក្នុងពេលតែមួយ តែវាក៏ជាដើមចមនៃជោគជ័យមួយផងដែរ គ្រាន់ថាមិនល្អជាងអ្នកដែលមានមេជើង ខ្ពស់ជាងម្រាមដទៃទាំងអស់នោះទេ។
ម្រាមជើងទីពីរ
នៅក្នុងក្បួននរវិទ្យា មនុស្សដែលមានម្រាមជើងទី ២ វែងជាងម្រាមដទៃទាំងអស់ នោះគឺរមែងជាមនុស្សដែលមានភាពជាអ្នកដឹកនាំ ជាមនុស្សដែលងប់ងុលនឹងភាពតស៊ូ ក្នុងជីវិត ហើយតែងតែបង្ហាញភាពជឿជាក់នៅពេលធ្វើអ្វីមួយ។
ទោះជាយ៉ាងណា ប្រសិនម្រាមនេះខ្លី បង្ហាញថាអ្នកជាមនុស្សចូលចិត្តភាពស្ងៀមស្ងាត់ ហើយមិនងាយដាក់ខ្លួនទៅក្នុងរឿងណាមួយឡើយ។ អ្នកជាមនុស្សដែលរមែងគិតបានយ៉ាងល្អិតល្អន់មុនសម្រេចចិត្តធ្វើរឿងណាមួយ។
ម្រាមជើងទីបី
ប្រសិនម្រាមជើងទី ៣ របស់អ្នកវែងជាងម្រាមជើងទី ២ នោះអ្នកជាមនុស្សពូកែធ្វើការ ហើយជាមនុស្សពហុជំនាញ និងរមែងជោគជ័យក្នុងការងារ។ យ៉ាងណាអ្នកជាមនុស្សងប់នឹងការងារ ហើយរមែងផ្តោតលើការងារខ្លាំង រហូតដល់ភ្លេចរកក្តីសុខសម្រាប់ខ្លួនឯង តែនេះក៏មិនមែនជាកំហុសឆ្គងរបស់អ្នកអ្វីនោះដែរ។
ផ្ទុយទៅវិញ ប្រសិនម្រាមជើងទី ៣ របស់អ្នកខ្លីជាងម្រាមជើងទី ២ នោះអ្នកជាមនុស្សដែលងាយបង្កើតភាពរីករាយក្នុងជីវិត អ្នកមិនមានអ្វីដែលត្រូវបារម្ភច្រើននោះទេ អ្នកខ្លះថាអ្នកខ្ជិល អ្នកមិនសូវមានការបំផុសទឹកចិត្តខ្លួនឯង តែការពិតមកពីអ្នកមើលឃើញភាពរីករាយបច្ចុប្បន្នធំជាង ហើយមិនសូវបានផ្តោតលើបញ្ហានៅថ្ងៃខាងមុខដែលស្ថិតនៅផ្លូវយូរអង្វែងឡើយ។
ម្រាមជើងទី ៤
ប្រសិនម្រាមជើងទី ៤ របស់អ្នកវែង ជាងម្រាមជើងទី ៣ នោះអ្នករមែងជាមនុស្ស ដែលគិតពីគ្រួសារខ្លះជាងគិតពីខ្លួនឯង ហើយរមែងដោះស្រាយបញ្ហាអ្នកដទៃ ដោយលែងគិតពីទុក្ខលំបាកខ្លួនឯង។ មនុស្សប្រភេទនេះ ពិបាកនឹងរកក្តីសុខសម្រាប់ខ្លួនឯងបន្តិច ព្រោះច្រើនគិតពីមនុស្សជុំវិញខ្លួនខ្លាំងពេក។
ផ្ទុយទៅវិញប្រសិនអ្នកមានម្រាមជើងទី ៤ ខ្លីជាងម្រាមទី ៣ នោះវាជាចំណុចផ្ទុយពីខាងលើ ដោយមានន័យថា ទំនួលខុសត្រូវលើគ្រួសារអ្នកមានដែរ តែអ្នកក៏មានពេលវេលាគិតពីក្តីសុខសម្រាប់ខ្លួនឯងទៅថ្ងៃមុខផងដែរ ដូច្នេះអ្នកក៏យកពេលវេលាទៅផ្តោតលើរឿងរ៉ាវមួយចំនួនផ្សេងទៀត។
ម្រាមជើងទី ៥
ជាម្រាមជើងតូច កម្រមានអ្នកមានម្រាមនេះវែងខ្លាំងណាស់ ដូច្នេះបើជាទូទៅដូចគេឯង ដែលមានប្រវែងខ្លី ហើយតូច នោះរមែងជាមនុស្សដែលងាយបាត់បង់ក្នុងការផ្តោតអារម្មណ៍ធ្វើអ្វីមួយ អ្នកឆាប់មានអារម្មណ៍ធុញទ្រាន់ អ្នកក៏ឆាប់ខឹង ឆាប់បាត់ទៅវិញដែរ។ តែយ៉ាងណា អ្នករមែងជាមនុស្សដែលមានភាពកំប្លែង ចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក