តៅហ៊ូគឺជាអាហារដែលបណ្តុំទៅដោយប្រូតេអ៊ីន និងមានអាស៊ីដអាមីណូសំខាន់ទាំង ៩ ហើយក៏មានជាតិកាល់ស្យូម សារធាតុរ៉ែម៉ង់ហ្គាណេសនិងផូស្វ័រ រួចបន្ថែមពីនេះវាក៏មានផ្ទុកវីតាមីន B1 ដ៏ល្អសម្រាប់រាងកាយថែមទៀត។
យ៉ាងណាសម្រាប់មនុស្ស ៤ ប្រភេទខាងក្រោមនេះ អ្នកមិនគួរទទួលទានតៅហ៊ូនោះទេ ហើយបើចង់ក៏ត្រូវកំណត់នូវបរិមាណដ៏ទាបមួយ ព្រោះវាអាចបណ្តាលឲ្យសភាពរាងកាយកាន់តែជួបផលប៉ះពាល់ធ្ងន់ធ្ងរលើសដើម៖
៤) មនុស្សមានជំងឺប្រព័ន្ធរំលាយអាហារ
អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ដំណើរការមិនល្អ នោះវាអាចធ្វើឲ្យក្រពះពិបាកក្នុងការបំបែកប្រូតេអ៊ីន ដូច្នេះអ្នកគួរកំណត់ការទទួលទានឲ្យបានតិចបំផុត ព្រោះវាអាចបណ្តាលឲ្យហើមពោះ និងរាគជាដើម។
៣) មនុស្សមានជំងឺសរសៃឈាមបេះដូង
តៅហ៊ូមានជាតិមេទីយ៉ូនីនខ្ពស់ ដែលសារធាតុនេះស្ថិតនៅក្រោមឥទ្ធិពលរបស់អង់ស៊ីម អាចបម្លែងទៅជាស៊ីស្ទីន ជាសារធារុដែលមានសមត្ថភាពបំផ្លាញកោសិកា endothelial នៅក្នុងជញ្ជាំងសរសៃឈាម នាំឲ្យវិវត្តទៅរកការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះអ្នកមានជំងឺសរសៃឈាម មិនគួរទទួលទានទេ ព្រោះវាអាចនាំឲ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។
២) មនុស្សមានជំងឺក្រពេញទីរ៉ូអ៊ីត
តៅហ៊ូមានផ្ទុកអឺសូហ្វ្លាវ៉ូន ដែលវាមិនសក្តិសមនោះទេសម្រាប់អ្នកជំងឺលើសជាតិស្ករក្នុងឈាម ហើយវាក៏រារាំងដល់អង់ស៊ីម ដែលជួយសំយោគការផលិតអរម៉ូនទីរ៉ូអ៊ីត ធ្វើឲ្យជំងឺក្រពេញទីរ៉ូអ៊ីតកាន់តែធ្ងន់ធ្ងរលើសដើម។
១) មនុស្សមានជំងឺរលាកសន្លាក់
អ្នកមានជំងឺរលាកសន្លាក់ ក៏មិនគួរទទួលទានតៅហ៊ូច្រើនពេកនោះដែរ ព្រោះបរិមាណអាស៊ីដអ៊ុយរិកនៅក្នុងឈាម វានឹងបង្កផលប៉ះពាល់ដល់អាការៈជំងឺឲ្យវិវត្តទៅសភាពកាន់តែធ្ងន់ធ្ងរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក