ភាពកក់ក្តៅ មិនមែនស្តែងចេញតាមការនិយាយ និងទង្វើនោះទេ តែគឺជាការមិនធ្វើឱ្យអ្នកម្ខាងទៀតមានការឈឺចាប់ទៅវិញទេ។ ចំពោះការតបសារក៏បែបនេះដែរ អ្នកPinគេដាក់លើគេបង្អស់ តបសារគេភ្លាមៗដោយមិនចាំយូរឡើយ ជួនខ្លះអ្នកចាំសារគេអស់ពេញមួយយប់ តែគេបែរជាគេងលក់យ៉ាងរំភើយ ឬក៏ទៅឆាតជជែកលេងជាមួយអ្នកផ្សេង ហើយពេលអ្នកសួរដេញដោល គេបែរជានិយាយថាគេរវល់គ្មានពេលទៅវិញ។ តាមពិតនេះចង់បង្ហាញឱ្យអ្នកដឹងថា គេលែងស្រលាញ់អ្នកហើយ បើចង់ដឹងកាន់តែច្បាស់ មកមើលរបៀបការឆ្លើយតបសាររបស់គេ តើបញ្ជាក់ឱ្យអ្នកដឹងអ្វីខ្លះ?
១. ចាំបន្តិចទៀតនិយាយគ្នា
ពាក្យថា “ចាំបន្តិចទៀតចាំនិយាយគ្នា” “ចាំណាត់គ្នាលើកក្រោយ” “ចាំនិយាយថ្ងៃក្រោយ” តាមពិតគ្មានលើកក្រោយអ្វីនោះទេ ឱ្យតែមិនចង់និយាយ គឺមិនចង់និយាយហើយ ។
ពេលដែលមនុស្សម្នាក់ប្រាប់អ្នកថា “ចាំនិយាយគ្នាលើកក្រោយ” នេះបង្ហាញថាគេមិនចង់បន្តឆាតជាមួយអ្នកនោះទេ មិនចង់ចែករំលែករឿងរ៉ាវជីវិតអ្វីនឹងអ្នកឡើយ ។
គ្មានអ្នកណាគេនៅសុខៗបាត់ស្រមោលនោះទេ មកពីគេទៅឆាតជាមនុស្សដែលគេយល់ថាសំខាន់ចំពោះគេ ។
២. គ្មានពេល
រស់នៅក្នុងសង្គមមមាញឹកមួយនេះ មិនមែនមនុស្សគ្រប់រូបសុទ្ធតែនឹក និងខ្វល់ខ្វាយដល់អ្នកគ្រប់ពេលនោះទេ លុះត្រាតែអ្នកជាមនុស្សដែលគេគិតថាសំខាន់ និងមានប្រយោជន៍ចំពោះគេ។
រីឯមនុស្សដែលចង់ជួបអ្នក ទោះជានៅឆ្ងាយដល់ជើងមេឃ ក៏អាចមកជួបអ្នកបានដែរ ហើយមនុស្សចង់និយាយជាមួយអ្នក ទោះ២៤ម៉ោងក៏នៅតែទំនេរដែរ តែបើគេមិនបានស្រលាញ់អ្នកវិញនោះ គេនឹងយកលេសថាញុំាបាយក៏រវល់ គេងទើបតែក្រោក ម៉ោង៨យប់និយាយថាខ្លួនចូលគេងហើយ...។
តាមពិតទៅ ពេលវេលាអ្នកណាក៏មានតម្លៃដែរ បើគេហ៊ានលះបង់ពេលវេលាដ៏មមាញឹកតបសាររបស់អ្នក នោះអ្នកប្រាកដជាមនុស្សសំខាន់នៅក្នុងចិត្តគេហើយ តែបើគ្រាន់តែអ្នកផ្ញើសារទៅគេម្តងណា គេសុទ្ធតែស្ងាត់ឈឹងបាត់សូន្យ ឆ្លើយដូចមិនចង់ឆ្លើយ បើបែបនេះសូមអ្នកកាត់ចិត្តទៅ។
៣. ខ្ញុំកំពុងរវល់
ពេលដែលអ្នកផ្ញើសារទៅកាន់គេ ហើយគេតបសារមកអ្នកថា “ខ្ញុំកំពុងរវល់” ពេលដែលមើលឃើញពាក្យនេះហើយ ជឿជាក់ថាអ្នកទាំងអស់គ្នានឹងដឹងពីចម្លើយបន្តមកទៀតហើយមែនទេ។ ព្រោះមនុស្សដែលស្រលាញ់គ្នា មិនអាចប្រើពាក្យសម្ដីកម្បុត មួយម៉ាត់មួយករបែបនេះទេ យ៉ាងណាក៏ត្រូវមានឃ្លាឃ្លោងប្រយោគឱ្យបានសមរម្យដែរ និងប្រាប់ពីមូលហេតុតាមក្រោយឱ្យបានដឹងខ្លះដែរ។
តាមពិតទៅអ្នកដែលផ្ញើសារទៅកាន់គេ ស្មានតែទំនេរណាស់មែនទេ គឺមិនមែនទេ មកពីការនឹកស្រលាញ់ និងបារម្ភតែប៉ុណ្ណោះ ។
ដូច្នេះហើយ សូមអ្នកដែលជួបនឹងស្ថានភាពបែបនេះ ឈប់បន្តចំណាយពេលដោយឥតប្រយោជន៍ជាមួយអ្នកដែលមិនផ្តល់តម្លៃឱ្យអ្នកទៀតទៅ ព្រោះថាគេបានយករបៀបនៃការតបសារមកប្រាប់អ្នកឱ្យដឹងយ៉ាងច្បាស់លាស់ណាស់ទៅហើយ៕
អត្ថបទ ៖ Mythical Bird / Knongsrok