មានមនុស្សជាច្រើនត្អូញត្អែររឿង គេមិនលក់ដោយគ្មានមូលហេតុ ហើយគិតមិនឃើញអំពីដំណោះស្រាយ។ ប៉ុន្តែការពិតទៅ ដើមចមគឺអាចមកពីអ្នកខ្លួនឯងច្រើនជាងទេ ហើយយើងណែនាំនូវ ៥ ចំណុច ដែលអ្នកមិនគួរធ្វើមុនពេលចូលគេង៖
៥) មិនបានសម្រាក មុនពេលចូលគេង
ដោយសារមមាញឹកខ្លាំងពេញមួយថ្ងៃ នាំឲ្យរាងកាយហត់នឿយ ហើយមកដល់ឃើញគ្រែដឹងតែទម្លាក់ខ្លួនទៅហើយ តែយ៉ាងណាពួកគេខ្លះជួបបញ្ហាភ្ញាក់កណ្តាលអធ្រាត្រ ឬដាក់ខ្លួនទៅភ្លាម មិនបានគេងលក់ស្កប់ស្កល់នោះទេ។
នោះក៏ដោយសារតែខួរក្បាលមិនបានសម្រាកត្រឹមត្រូវ ហើយវាហាក់ដូចនៅតែដើរ កំឡុងពេលអ្នកគេង។ យកល្អអ្នកគួរមានទម្លាប់សម្រាកខួរក្បាលបន្តិច ត្រឹម ១៥ នាទីទៅ ៣០ នាទីក៏ល្អដែរ ចន្លោះពេលរសៀល មុនពេលបន្តការងារឬការរកស៊ីរបស់អ្នក ជាជាងចាំសរុបនៅពេលយប់។
៤) ផឹកតែខ្មៅមុនចូលគេង
ទម្លាប់ទទួលទានតែខ្មៅ វាស្រដៀងទៅនឹងការទទួលទានកាហ្វេអ៊ីចឹងដែរ ដោយវាអាចបណ្តាលឲ្យមានភាពតានតឹងផ្ឡូវអារម្មណ៍ នាំឲ្យអ្នកគេងមិនលក់បាន។ ដូច្នេះយកល្អ បើចង់ទទួលទានតែ គួរជ្រើសយកតែរុក្ខជាតិ ដែលគេប្រើសម្រាប់ព្យាបាលការគេងមិនលក់ ដែលមានប្រសិទ្ធភាពច្រើនឆ្នាំមកហើយ។
៣) លំហាត់ប្រាណពេលល្ងាច
ការធ្វើលំហាត់ប្រាណ វាអាចកាត់បន្ថយភាពតានតឹង ប៉ុន្តែការធ្វើលំហាត់ប្រាណនៅពេលល្ងាច វានឹងជះឥទ្ធិពលមកកាន់អ្នកទៅវិញ។ ដោយសារតែផលប៉ះពាល់នៃការកើនឡើងសីតុណ្ហភាពរាងកាយ ត្រូវការពេលវេលាដើម្បីធ្លាក់មកទាបវិញ ដូច្នេះធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកគេង ខុសពីការធ្វើលំហាត់ប្រាណនៅពេលព្រឹក។
២) រំលងអាហារពេលព្រឹក
ប្រហែលជាមិនសូវមានអ្នកដឹងនោះទេ ថាមនុស្សរំលងរបបអាហារពេលព្រឹក ធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការគេងពេលយប់។ ការស្រាវជ្រាវបង្ហាញថា ការរំលងអាហារពេលព្រឹក ប៉ះពាល់ដល់ការកើនឡើងទម្ងន់ ការផ្តោតអារម្មណ៍និងគុណភាពនៃការគេង ហើយមនុស្សនេះ ងាយឆាប់ខឹង មានអារម្មណ៍មិនល្អជាញឹកញាប់ក្រោយក្រោកពីគេង។
១) ស្លៀកពាក់មិនសមរម្យ
ការស្លៀកពាក់សំលៀកបំពាក់តឹងៗ កំឡុងពេលគេង ក៏ជាដើមចមនាំឲ្យអ្នកគេងមិនបានស្កប់ស្កល់ដែរ។ យកល្អគួរស្លៀកពាក់របស់រលុងៗ ជួយឲ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះ តាមថាមានមនុស្សមួយចំនួន មានទម្លាប់គេងដោយននលគកផង តែបើមិនមែនជាប្រភេទអ្នក អ្នកអាចជ្រើសយកសាច់ក្រណាត់ត្រជាក់មកស្លៀកពាក់ ឬប្រភេទកប្បាសជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក