កំហឹងគឺជាធម្មជាតិនៃមនុស្សគ្រប់គ្នា ប៉ុន្តែអ្នកខ្លះគឺជាមនុស្សដែលឆាប់ឆេវឆាវ និង ចូលចិត្តជះកំហឹងទៅលើអ្នកដ៏ទៃទាំងគ្មានហេតុផលជាដើម។ ដែលទង្វើនេះត្រូវបានគេចាត់ទុកថាជាទង្វើមិនសមគួរ ហើយអាចបំផ្លាញចំណងគ្រួសារ និងមិត្តភាពថែមទៀតផង។
ជាដំបូងអ្នកត្រូវដឹងពីសញ្ញាដែលបានបង្ហាញឡើងដើម្បីដឹងឲ្យប្រាកដថាអ្នកកំពុងមានបញ្ហាមួយនេះដែរឬទេ។ សញ្ញាដែលត្រូវបានបង្ហាញចេញឲ្យឃើញរួមមាន៖
•ធ្វើបាបអ្នកដ៏ទៃទាំងផ្លូវកាយ និង ផ្លូវចិត្ត
•តែងតែខឹង ក្តៅក្រហាយ
•មិនអាចទប់កំហឹងខ្លួនឯងបាន ត្រូវតែបញ្ចេញមកខាងក្រៅ
•នឹកស្តាយក្រោយអំពីអ្វីដែលខ្លួនបាននិយាយបន្ទាប់ពីខឹងហើយ
•កើតមានភាពឆេវឆាវសូម្បីតែរឿងតូចតាច។
ប្រសិនបើអ្នកសង្កេតឃើញថាមានសញ្ញាទាំងនេះ នោះអ្នកប្រហែលជាកំពុងជួបប្រទះនឹងបញ្ហាឆាប់ខឹង ឆេវឆាវហើយ។ ប៉ុន្តែកុំបារម្ភអី ព្រោះខាងក្រោមនេះគឹជាដំណោះស្រាយខ្លះដែលអាចសម្រាលចិត្តអ្នកនៅពេល ខឹងម្តងៗបាន៖
១. គិតឲ្យបានច្បាស់មុននឹងនិយាយ
ជាធម្មតា នៅពេលកំហឹងកំពុងកញ្រ្ចោលឡើងនរណាៗក៏ចង់តមាត់ឲ្យឈ្នះដែរ ប៉ុន្តែនេះគឺជាកំហុសមួយដ៏ធ្ងន់។ ដូចនេះដើម្បីកុំអោយប្រព្រឹត្តិនូវការខុសឆ្គងមួយនេះអ្នកគួរតែប្រើពេលពីរទៅបីវិនាទី ដើម្បីដកដង្ហើមមួយៗ និង គិតគូរឲ្យបានច្បាស់មុននឹងហាមាត់និយាយតបតរទៅកាន់ដៃគូជម្លោះវិញ។
២. រិះរកប្រភពនៃកំហឹង
ព្យាយាមកំណត់ប្រភពនៃបញ្ហាដែលធ្វើឲ្យអ្នកបញ្ចាញកំហឹងមួយនេះឡើង ហើយរំលឹកខ្លួនឯងជារឿយៗថា កំហឹងមិនអាចដោះស្រាយអ្វីបាននោះទេ ពោលគឺវាមានតែធ្វើឲ្យកាន់តែដុនដាបថែមទៀត។
៣. លេងសើចតិចតួច
ការប្រើប្រាស់ពាក្យពេចន៍បែបលេងសើចបន្តិចបន្តួចនៅពេលកំពុងមានភាពតានតឹងគឺមិនជាបញ្ហានោះទេ។ ប៉ុន្តែអ្នកគួរតែព្យាយាមជៀសវាងនូវពាក្យបែបពេបជ្រាយ ឬ លេងសើចបែបប្រមាទ ព្រោះវាអាចនឹងប៉ះពាល់ដល់ចិត្តអ្នកដទៃ។
៤. ប្រើពេលដើម្បីសម្រួលអារម្មណ៍
វិធីសាស្រ្តដ៏មានប្រសិទ្ធិភាពបំផុតនោះគឺការដើរចេញពីជម្លោះដើម្បីសម្រួលអារម្មណ៍ឲ្យបាននឹងនរ និងគិតឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តបន្តទៀត។ ដោយអ្នកគ្រាន់តែបិទភ្នែករួចគិតទៅរកអ្វីដែលល្អៗ និង ព្យាយាមធ្វើចិត្តឲ្យត្រជាក់៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក