ក្រោយការដាក់ដំណើរការ Beta Version របស់ iOS 15, iPadOS 15, watchOS 8, និង tvOS 15 តាំងពីខែមីថុនាមក ទីបំផុត Apple សម្រេចប្រកាសកាលបរិច្ឆេទចេញផ្សាយជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ទូទាំងសកលលោកហើយ។
ការមកដល់នៃ OS ថ្មីនេះ បាននាំមកនូវមុខងារដ៏សំខាន់ និងមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់យ៉ាងច្រើន ហើយអ្នកប្រើប្រាស់ផលិតផលឆ្លាតវៃរបស់ Apple ជាច្រើនបានសាកល្បងប្រើប្រាស់ Beta Version ហើយពិតជាទទួលស្គាល់ថា កំណែ OS លើកនេះពិតជាមានមុខងារគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ទោះបីមានបញ្ហា Error ច្រើនគួរសមក្នុងកំណែ Beta ក្ដី។
ក្រោយ Apple Event "California Streaming" កាលពីប៉ុន្មានថ្ងៃមុននេះ កាលបរិច្ឆេទចេញផ្សាយជាផ្លូវការរបស់ iOS 15, iPadOS 15, watchOS 8, និង tvOS 15 នឹងដាក់ដំណើរការឱ្យអ្នកប្រើប្រាស់ទូទាំងសកលលោកអាចទាញយកបាននៅថ្ងៃច័ន្ទទី ២០ ខែកញ្ញានេះ ។
iOS 15 និង iPadOS 15 រួមមានការកែលម្អនិងលក្ខណៈពិសេសមួយចំនួនរួមទាំងការជូនដំណឹងដែលបានរចនាឡើងវិញ សញ្ញាអារម្មណ៍ (Emoji) និងអ្វីៗជាច្រើនទៀត។ iOS 15, iPadOS 15, watchOS 8 និង tvOS 15 ត្រូវបានដាក់ឱ្យដោនឡូតប្រើសាកល្បងនៅក្នុងព្រឹត្តិការណ៍ "Spring Loaded"។
ក្រុមហ៊ុនអេបផលមិនបានប្រកាសពីកាលបរិច្ឆេទចេញផ្សាយសម្រាប់ macOS Monterey ទេនៅពេលនេះ ដូច្នេះមានតែបន្តរង់ចាំមើលថាតើ Apple នឹងប្រកាសវានៅពេលណា៕