មានសុភាសិតមួយបាននិយាយថា “មនុស្សមិនល្អឥតខ្ចោះ” មានន័យថានៅក្នុងជីវិតនេះ គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឬល្អគ្រប់ដប់នោះឡើយ។ ទោះយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលយកការពិត និងភាពមិនល្អឥតខ្ចោះរបស់ពួកគេបានទេ។
១. មើលគុណវិបត្តិរបស់អ្នកក្នុងវិធីថ្មីមួយ
អ្នកមិនល្អដូចអ្នកដទៃទេ។ អ្នកមិនខ្ពស់ ឬស្គមដូចពួកគេទេ។ ទាំងនេះ គឺជាការពិតដែលអ្នកមិនចង់ទទួលយក។ ប៉ុន្តែជំនួសឱ្យការរងទុក្ខឥតឈប់ឈរ និងការបន្ទាបខ្លួនដោយសារតែភាពខ្វះខាតផ្ទាល់ខ្លួនរបស់អ្នក សូមមើលពួកគេតាមរបៀបថ្មីមួយ។ សូមចងចាំថា គ្មានអ្វីល្អ ឬអាក្រក់ទាំងស្រុងឡើយ។
តាមពិត អ្វីៗទាំងអស់ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ មានតុល្យភាពប្រកបដោយការចុះសម្រុងគ្នា។ ព្រះមិនយកអ្វីពីអ្នកណាទេ។ តោះ! មើលចំណុចល្អពីចំណុចខ្វះខាតទាំងនោះ។ ឧទាហរណ៍! ទោះបីជាអ្នកមិនមានមុខស្អាតក៏ដោយ អ្នកមានអារម្មណ៍កំប្លុកកំប្លែង ... យូរ ៗ ទៅអ្នកនឹងឃើញថាគុណវិបត្តិរបស់អ្នកមិនអាក្រក់ទេ ផ្ទុយទៅវិញ គុណវិបត្តិនោះ ប្រែក្លាយទៅជាគុណសម្បត្តិទៅវិញ។
២. មានអារម្មណ៍ដឹងគុណជារៀងរាល់ថ្ងៃ
ការដឹងគុណ នឹងនាំមកនូវការគិតវិជ្ជមាន បំបាត់ទុក្ខព្រួយ ភាពអន់ជាង និងការស្អប់។ សរសេរក្នុងកំណត់ហេតុហើយនិយាយរឿង ៣ យ៉ាងដែលធ្វើឱ្យអ្នកមានអារម្មណ៍ដឹងគុណជារៀងរាល់ថ្ងៃ។ អានកំណត់ហេតុប្រចាំថ្ងៃរបស់អ្នករៀងរាល់ព្រឹក ដើម្បីមានផ្នត់គំនិតវិជ្ជមានដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។
៣. ដឹងថាគំនិតអវិជ្ជមានមិនល្អសម្រាប់អ្នកឡើយ
ភាពខ្វះខាតផ្ទាល់ខ្លួនរបស់អ្នក នឹងធ្វើឱ្យអ្នកធុញទ្រាន់ និងតែងមានគំនិតអវិជ្ជមាន។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវដឹងថា គំនិតទាំងនោះគ្រាន់តែបង្កគ្រោះថ្នាក់ដល់អ្នកតែប៉ុណ្ណោះ។ ជំនួសឱ្យការធុញទ្រាន់ ការបន្ទាបបន្ថោកខ្លួនឯង អ្នកកួរតែលើកទឹកចិត្តខ្លួនឯងឱ្យទទួលយកចំណុចខ្សោយរបស់អ្នក និងជម្នះឧបសគ្គ ហើយកែប្រែខ្លួនឯងឡើងវិញ។
៤. មនុស្សជាច្រើនកំពុងមានអារម្មណ៍ដូចអ្នកដែរ
អ្នកនឹងភ្ញាក់ផ្អើលដោយដឹងថា អ្នកមិនឯកកោក្នុងពិភពលោកដ៏ធំនេះទេ។ មនុស្សជាច្រើនក៏ត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គដូចអ្នកដែរ។ អ្នកពិបាកចិត្ត ព្រោះអ្នកមិនស្អាត អ្នកធាត់ជាងគេ។ តាមពិតមានមនុស្សជាច្រើនដែលមានអារម្មណ៍ដូចអ្នកដែរ។ ភ្ជាប់ជាមួយពួកគេសម្រាប់ដំបូន្មាន និងការលួងលោមចិត្ត មនុស្សដែលស្ថិតក្នុងស្ថានភាពដូចគ្នា នឹងជួយអ្នកផ្លាស់ប្តូរការយល់ឃើញរបស់អ្នក និងមើលឃើញអ្វីៗពីទស្សនៈផ្សេង។
៥. ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន
បើអ្នកចង់ឱ្យអ្នកដទៃស្រឡាញ់អ្នក អ្នកត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ញុំាអាហារដែលមានជីវជាតិ ហាត់ប្រាណទៀងទាត់ សម្រាក និងធ្វើសមាធិឱ្យបានគ្រប់គ្រាន់។ ស្រឡាញ់ខ្លួនឯង នឹងធ្វើឱ្យងាយស្រួលក្នុងការទទួលយកគុណវិបត្តិរបស់អ្នក ហើយមានភាពវិជ្ជមានជារៀងរាល់ថ្ងៃ។
ដូច្នេះជាមួយនឹងថ្ងៃដែលឆ្លងកាត់នីមួយៗ សូមស្រឡាញ់ខ្លួនអ្នកឱ្យបានច្រើនបន្តិច។ អ្នកនឹងឃើញជីវិតអ្នកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចងចាំរឿងនេះទុក ប្រសិនបើអ្នកមិនល្អឥតខ្ចោះ ចូរធ្វើជាខ្លួនអ្នកដែលល្អបំផុត និងល្អឱ្យបានគ្រប់គ្រាន់ទៅបានហើយ៕
ប្រភព ៖ Emdep / Knongsrok