នេះអាចជាអត្ថបទល្អមួយ សម្រាប់ស្រ្តីជាពិសេស ឬសម្រាប់បុរសៗដែលចង់ទទួលបានចំណេះដឹងសម្រាប់ចែកជូនស្រ្តីដែលខ្លួនស្រលាញ់។ នោះគឺការប្រើប្រាស់សណ្តែកក្រហម ដែលងាយធ្វើ ងាយរកទិញ ហើយអាចជួយឲ្យអ្នកស្រកទម្ងន់ ស្រកក្បាលពោះ ចង្កេះតូចជាងមុន និងសំខាន់អាចជួយលើកសម្រស់ថែមទៀតផង។
សណ្តែកក្រហមមិនត្រឹមមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់មួយមុខទេ តែវាក៏ជួយបញ្ចុះកម្តៅ បន្សាបជាតិពុលក្នុងខ្លួនផងដែរ។ ជាទូទៅសណ្តែកក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែលវាទាបជាងប្រភេទពូជសណ្តែកដទៃ។ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីជួយកាត់បន្ថយខ្លាញ់ក្នុងឈាម និងបន្ថយកម្រិតកូឡេស្តេរ៉ុលថែមទៀតផង។
ពាក់ព័ន្ធនឹងសម្រស់ឯណោះវិញ វាមានសមត្ថភាពរារាំងនៅការផលិតនិងបន្ថយជាតិពណ៌មេឡានីន បង្កើនល្បឿនការផលិតកូឡាជែន ដោយហេតុនេះអាចជួយឲ្យស្បែករលោងនិងមានភាពយឺត។ ដោយឡែកវីតាមីន E ដែលមានក្នុងនោះ ក៏ជួយពន្យារភាពចាស់ និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ ជួយឲ្យស្បែករលោងក្មេងជាងវ័យកាន់ឆ្នាំ។
វិធីធ្វើ៖
អ្នកគ្រាន់តែយកសណ្តែកក្រហម ១ ក្តាប់តូច ប្រហែល ១០០ ក្រាម ហើយលាងវាឲ្យស្អាត
ចាក់ទឹកប្រហែល ១,៥ លីត្រចូលទៅក្នុងឆ្នាំង ហើយដាំឲ្យពុះ
បន្ទាប់មកទុកទឹកឲ្យនៅក្ដៅឧណ្ណៗ សឹមទម្លាក់សណ្តែកក្រហមចូល ដើម្បីឲ្យសារធាតុចិញ្ចឹមអាចជ្រាបចូលទៅក្នុងទឹកគ្រប់គ្រាន់
ដាក់ទឹកនោះ ចូលដប ហើយទទួលទានជំនួសទឹកធម្មតារៀងរាល់ថ្ងៃ
បញ្ជាក់ថា អ្នកគួរទទួលទានវានៅពេលរសៀល ឬមុនអាហារពេលល្ងាច មិនគួរទទួលទានពេលព្រឹកព្រលឹមទេ។ មួយផ្សេងទៀតយើងមិនណែនាំសម្រាប់អ្នកកើតជំងឺតម្រងនោម និងស្រ្តីមានផ្ទៃពោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក