សមាគមបាល់ទាត់ប្រេស៊ីល បានទទូចទៅកាន់ FIFA ហើយឥឡូវសមាគមបាល់ទាត់ពិភពលោកក៏បានធ្វើការសម្រេចហើយដែរ ដោយដាក់ពិន័យកីឡាករសញ្ជាតិប្រេស៊ីល ៨ រូបមិនឲ្យចូលរួមការប្រកួតរយៈពេល ៥ ថ្ងៃ។
នេះកើតឡើងដោយសារតែកីឡាករនៅ Premier League ទាំងនោះ បដិសេធមិនមកចូលរួមជួយជម្រើសជាតិ ព្រោះដោយសារមិនចង់ឆ្លងកាត់ការធ្វើចត្តាឡឺស័ករយៈពេលយូរ និងខកខានការលេងឲ្យក្លឹប។ ជាការពិតអង់គ្លេសបានដាក់ប្រទេសនៅប៉ែកអាមេរិកឡាទីនទៅក្នុងបញ្ជីក្រហម ដែលមានន័យថា អ្នកឆ្លងកាត់ចេញមកពីប្រទេសនោះ ចាំបាច់ត្រូវធ្វើចត្តាឡឺស័ករយៈពេល ១០ ថ្ងៃសិន ដូច្នេះបើកីឡាករទៅជួយជម្រើសជាតិប្រេស៊ីល ពេលត្រលប់មកវិញគឺពួកគេនឹងខកខានយ៉ាងហោចណាស់ក៏ ២-៣ ប្រកួតដែរ។
ដោយសារមើលឃើញពីការសហការជាមួយក្លឹបក្នុងការបដិសេធមិនមកជួយជម្រើសជាតិនេះហើយ សមាគមបាល់ទាត់ប្រចាំប្រទេសប្រេស៊ីល ក៏បានដាក់សំណើទៅ FIFA ឲ្យដាក់ពិន័យពួកគេជាការព្រមាន ហើយឥឡូវ FIFA ក៏អនុម័តច្បាប់មកហើយដែរ តែធ្វើសម្រាប់តែក្លឹប Liverpool, Man City, Man Utd, Chelsea និង Leeds United ប៉ុណ្ណោះ។ ដូច្នេះមានន័យថា ក្លឹបទាំងអស់ដែលមានកីឡាករជនជាតិប្រេស៊ីល នឹងត្រូវខកខានមិនអាចចូលរួមលេងរយៈពេល ៥ ថ្ងៃរាប់ពីថ្ងៃចុងសប្តាហ៍។
ការសម្រេចនេះ នាំឲ្យ Liverpool ត្រូវអវត្តមាន Fabinho, Alisson និង Roberto Firmino ដែលគេមិនអាចលេងទល់ Leeds United នៅចុងសប្តាហ៍។ ស្របពេលដែលខាង Leeds ក៏ត្រូវអវត្តមាន Raphinha។
រីឯ Man City ការប៉ះ Leicester City សប្តាហ៍នេះ នឹងគ្មាន Ederson ក៏ដូចជា Gabriel Jesus នោះទេ ទៅមើល Chelsea នឹងខកខានការប្រើប្រាស់ Thiago Silva នៅជំនួបទល់ Aston Villa ក៏ដូចជាប៉ះ Zenit នៅ UCL។ ចុងក្រោយគឺ Man Utd នឹងអវត្តមាន Fred ទាំងប្រកួតទល់ Newcastle និង Young Boys នៅ UCL។
សម្រាប់ករណី Richarlison របស់ Everton មិនត្រូវបានដាក់ពិន័យ ក៏ដោយសារសមាគមបាល់ទាត់ប្រេស៊ីល មានការយោគយល់ សម្រាប់ក្រុមស្ករគ្រាប់ខៀវ ព្រោះអីពួកគេបានអនុញ្ញាតឲ្យកីឡាករមកចូលរួមយ៉ាងមមាញឹកកាលពីពេលកន្លងមក ទាំងនៅ Copa America និង Olympic៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក