ទំនាក់ទំនងរវាងគូស្នេហ៍ឬដៃគូជីវិត បន្ថែមពីលើសេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នា ការគោរពគ្នាទៅវិញទៅមក គឺជាអ្វីដែលអាចត្រកងស្នេហារបស់អ្នកឲ្យស្ថិតស្ថេររហូតដល់ចាស់កោងខ្នង ។ តែបើស្នេហាដែលមិនគោរព ឬឲ្យតម្លៃគ្នាទៅវិញទៅមក វានឹងបង្កើតអារម្មណ៍មិនទុកចិត្តរបស់ភាគីម្ខាងទៀត ធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាខ្លួនអន់ជាង ។
ដូច្នេះពាក្យថាស្រឡាញ់ និងពាក្យថាគោរពគ្នាទៅវិញទៅមក មានអត្ថន័យដូចគ្នា តើមនុស្សដែលស្រឡាញ់គ្នាមិនគោរពគ្នា មិនឲ្យតម្លៃគ្នាមានលក្ខណៈបែបនោះ?
បង្ហាញពីពីគំនិតមិនយល់ស្រប ឬសំដីចំអកឡកឡឺយពីអំពើរបស់អ្នក
ចរិតលក្ខណៈប្រភេទនេះ ត្រូវបានបង្ហាញដោយពាក្យសំដី និងអារម្មណ៍ ឧទាហរណ៍នៅពេលអ្នកមានពេលទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមមិត្តភក្តិ ជាកន្លែងដែលអ្នកនាំដៃគូរបស់អ្នកទៅដែរ បន្ទាប់មកគូស្នេហ៍របស់អ្នក បែរជាលើកនិយាយអំពីអាកប្បកិរិយាមិនល្អ ឬប្រាប់រឿងដែលមិនទំនងឲ្យក្រុមមិត្តភក្តិរបស់អ្នកស្តាប់ អាកប្បកិរិយាបែបនេះហើយ គឺជាអាការៈចាប់ផ្តើមមិនឲ្យតម្លៃអ្នកហើយ ។
នៅពេលអ្នកមានយោបល់ឬសំណូមពរ ភាគីម្ខាងទៀតហាក់មិនចាប់អារម្មណ៍
វាជាការឈឺចាប់តូចមួយ ប្រសិនបើអ្នកណែនាំជម្រើសគួរឱ្យចាប់អារម្មណ៍ទៅកាន់គូស្នេហ៍ ប៉ុន្តែគេបែរជាមិនខ្វល់ហើយឆ្លើយតបជាមួយឃ្លាថា “ខ្ញុំបានសម្រេចចិត្តរួចហើយលើបញ្ហានេះ ប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើអ្វីទេ មិនចាំបាច់ធ្វើបញ្ចេញមតិយោបល់ទេ” ។
មានសំណួរអំពីសមត្ថភាព ឬប្រសិទ្ធភាពការងាររបស់អ្នក
នៅពេលមនុស្សមិនទុកចិត្តគ្នា គ្មានការគោរពចំពោះគ្នា គេនឹងចាប់ផ្តើមមើលស្រាលសមត្ថភាពរបស់អ្នក ហើយអ្នកនឹងប្រឈមមុខនឹងសំណួរដូចជា “ប្រាកដចិត្តហើយមែនទេថានឹងធ្វើវាដោយខ្លួនឯង អាចគិតម្តងទៀត” ។
បង្ហាញភាសាកាយវិការ តាមរបៀបមិនយល់ស្រប
មិនមែនត្រឹមតែជាពាក្យសម្តីទេ ប៉ុន្តែការបង្ហាញភាសាកាយវិការតាមរបៀបដែលមិនយល់ស្របនឹងគំនិត ឬអាកប្បកិរិយារបស់អ្នក គឺជាសញ្ញាបង្ហាញថាដៃគូរបស់អ្នកមិនមានការគោរពចំពោះអ្នក។ ភាសាកាយវិការនោះ អាចកត់សម្គាល់បានយ៉ាងងាយស្រួលដូចជាគ្រវីក្បាល និងបញ្ចេញទឹកមុខធុញទ្រាន់ មើលទៅខាងលើ ដកដង្ហើមធំវែងៗ ធ្វើឱ្យអ្នកមានអារម្មណ៍ថា គាត់មិនយល់ស្របនឹងគំនិតនេះទេ ។
ធ្វើល្អមានសុជីវធម៌ចំពោះអ្នកដទៃ ប៉ុន្តែគាត់មិនដែលអនុវត្តបែបនោះចំពោះអ្នក
ជាមួយអ្នកដទៃ គូស្នេហ៍របស់អ្នកគឺជាបុរស ឬជានារីដ៏ប្រពៃ ប៉ុន្តែជាមួយអ្នកគាត់មិនដែលដើរតួជាគូស្នេហ៍ដ៏ល្អទេ ផ្ទុយទៅវិញគេនឹងមើលងាយ ហើយមើលអ្នកត្រឹមជាបាវខ្សាច់ស្ទើរគ្រប់ពេល។ ការព្រឹត្តិប្រភេទនេះមិនគួរកើតឡើង នៅក្នុងទំនាក់ទំនងរបស់មនុស្សដែលស្រឡាញ់គ្នាឡើយ ៕
ប្រភព៖ Knongsrok