ហោរាសាស្រ្ត​ខែ​កញ្ញា៖ អ្នក​កើត​ឆ្នាំ ៣ ត្រូវ​ប្រយ័ត្ន​សម្តី ហើយ​ជៀស​ឲ្យ​បាន​ការ​ដាក់​ទុន​ធំ

តាម​ហោរាសាស្រ្ត​ប្រចាំ​ខែ​កញ្ញា​នេះ បង្ហាញ​ថា​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មិន​សូវ​មាន​សំណាង​នោះ​ទេ ហើយ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ខ្ពស់​នៅ​គ្រប់​ជ្រុង គ្រប់​រឿង​ទាំង​អស់​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំ​ឆ្កែ (ច)

1

សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​ឆ្កែ រមែង​ជា​មនុស្ស​ដែល​មាន​ភាព​ឈ្លាសវៃ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ឈ្លាសវៃ​របស់​ពួក​គេ ក៏​បែរ​ជា​នាំ​រឿង នាំ​បញ្ហា​ដល់​ខ្លួន​ឯង​ទៅ​វិញ។ នៅ​ខែ​កញ្ញា​នេះ អាច​នឹង​មាន​អ្នក​នៅ​កន្លែង​ការងារ ឬ​គូប្រជែង​ការ​រកស៊ី មាន​ការ​គិត​មិន​ល្អ​មក​លើ​យើង ហើយ​អាច​នាំ​ឲ្យ​កើត​ទៅ​ជា​ទំនាស់​ឈ្លោះ​ប្រកែក​គ្នា​ណា​មួយ។

អ្នក​ត្រូវ​តែ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ បើ​រឿង​មិន​ចាំ​បាច់ ក៏​កុំ​យក​ខ្លួន​ទៅ​បៀត​នាំ​ឲ្យ​ក្លាយ​ជា​រឿង​ធំ​អី។ ទាក់ទិន​នឹង​បញ្ហា​សុខភាព តាម​ហោរាសាស្រ្ត​បាន​ដំណាល​ថា អ្នក​កើត​ឆ្នាំ​ច ​មិន​ចាំ​បាច់​ក៏​មិន​ត្រូវ​ធ្វើ​ដំណើរការ​ផ្លូវឆ្ងាយ​ដែរ ហើយ​គ្រប់​របស់​ទទួល​ទាន​ត្រូវ​មើល​ឲ្យ​បាន​ដិតដល់​ផង។

អ្នក​កើត​ឆ្នាំ​វក (ស្វា)

2

តាម​ហោរាសាស្រ្ត​នៅ​ឆ្នាំ ២០២១ សម្រាប់​ខែ​កញ្ញា អ្នក​កើត​ឆ្នាំ​វក អាច​នឹង​ជួប​គ្រោះមហន្តរាយ​ច្រើន​ដល់​ជីវិត ជា​ពិសេស​អាច​ប៉ះពាល់​ដល់​មុខ​ជំនួញ ការងារ​ការ​រកស៊ី និង​កិត្តិយស​មុខមាត់​របស់​អ្នក។ យ៉ាង​ណា​បើ​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ នោះ​ហានិភ័យ​នៃ​ការ​ជួប​រឿង​មិន​ល្អ ក៏​ទាប​ទៅ​តាម​នោះ​ដែរ។

សម្ពាធ​ការអារ​អាច​ជា​មាន​ច្រើន ហើយ​ប្រសិន​អ្នក​មិន​ទាន់​មាន​ការងារ ក៏​ពិបាក​នឹង​រក​បាន​ការងារ​ល្អ​ធ្វើ​ដែរ​នៅ​ខែ​កញ្ញា​នេះ។ នៅ​ក្នុង​រង្វង់​ស្នេហា ប្រសិន​អ្នក​ចង់​រៀបការ​គួរ​តែ​ជៀស​នៅ​ខែ​នេះ ព្រោះ​អាច​បង្ក​ឲ្យ​មាន​ជម្លោះទាស់ទែង​ច្រើន​ជាមួយ​នឹង​ដៃ​គូ​ទៅ​ពេល​ក្រោយ។ ចូរ​ទ្រាំ​តែ​ប៉ុន្មាន​សប្តាហ៍​នេះ​ទៅ បន្ត​ចូល​ដល់​ដើម​ខែ​ក្រោយ សំណាង​អាច​នឹង​ចូល​មក​ដល់​វិញ​ហើយ​សម្រាប់​អ្នក។

អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ)

3

នៅ​ខែ​កញ្ញា​នេះ មនុស្ស​ដែល​កើត​ឆ្នាំ​ជូត ជា​ឆ្នាំ​ដែល​មាន​រាសី​ស្រុត​ចុះ​ខ្លាំង ហើយ​ពួក​គេ​ត្រូវ​​តែ​ប្រយ័ត​ឲ្យ​មែនទែន​នៅ​ពាក្យ​សម្តី​មុន​នឹង​ពោល​ចេញ​ទៅ ព្រោះ​អាច​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​នឹង​ដៃគូ​ការងារ និង​ការ​រកស៊ី។

នៅ​លើ​ផ្លូវ​សំណាង មិន​កើត​មាន​សំណាង​ច្រើន​ទេ សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត​នៅ​ខែ​កញ្ញា​នេះ ហើយ​ងាយ​នឹង​របូត​លុយ​ច្រើន​ចេញ​ពី​ហោប៉ៅ បើ​មិន​ដាក់​ផែនការណ៍​ខ្ទង់​ចំណាយ​ច្បាស់លាស់ ព្រោះ​រយៈ​ពេល​នេះ អ្នក​នឹង​មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​ជា​ពេល​មុន​ទេ។

ដូច្នេះ​ដើម្បី​ធានា​បាន​នៅ​តុល្យភាព​ដែល​មិន​ធ្លាក់​ចុះ​ខ្លាំង ឬ​នៅ​នឹង អ្នក​គួរ​តែ​កុំ​ប្រថុយ​លើ​អាជីវកម្ម​ដែល​ចំណាយ​ធំ​ពេក ព្រោះ​អាច​នាំ​ឲ្យ​អ្នក​បាត់បង់​អ្វី​ទាំង​អស់។ ជា​រួម​ទៅ​អ្នក​កើត​ឆ្នាំ​ជូត មិន​ត្រូវ​ប្រថុយ​ធំ​ពេក​ទេ​នៅ​ខែ​កញ្ញា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក