ហេតុអី មនុស្សយើងម្នាក់ៗ ពីបាកពេញចិត្តនឹងជីវិតរបស់ខ្លួនឯងបែបនេះ?

ខ្ញុំមើលទៅមិត្តភក្តិរបស់ខ្ញុំ គេមានគ្រប់សព្វបែបយ៉ាង គេស្រករខ្ញុំសោះ គេរៀនបានខ្ពស់ មានចំណេះ មានមុខរបរ មានគ្រួសារល្អ រៀបការបានដៃគូជីវិតល្អ​ ខ្ញុំស្ញើចសរសើរនឹងជីវិតគេ ដែលគេមានបុណ្យសំណាង បានកើតមកក្នុងគ្រួសារអ្នកមានទ្រព្យ គេមិនខ្វះលុយកាក់ឡើយ សូម្បីតែរៀបការហើយ ក៏ខាងគ្រួសារគូរបស់គេ ជាអ្នកមាន ថែមទាំងស្រឡាញ់ពេញចិត្តគេជាខ្លាំងទៀតផង។

ខ្ញុំស្ញើច ហើយក៏សរសើរបុណ្យគេ ដែលកើតមក មានឪពុកម្ដាឱ្យលុយ ឱ្យទ្រព្យ ឱ្យមុខរបរមានស្រាប់ គ្រាន់តែចាប់ផ្ដើម លុយចូលដូចទឹក ជីវិតគេមិនខ្វល់រឿងខ្វះខាត គេស្រករខ្ញុំសោះ គេមានលុយ មានឡាន មានផ្ទះពីរបី គេមានដីរាប់សិបហិកតា។

9ddbe83dd385a52a0d69b3e0f578dc2f

ប៉ុន្តែ គេបែរជាមកច្រណែននឹងជីវិតខ្ញុំទៅវិញ គេច្រណែនដែលខ្ញុំមានជីវិតពេញលេញ ដែលអាចធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ របស់ដែលមានបានរាល់ថ្ងៃ គឺកើតឡើងពីកម្លាំងញើសឈាម ការខំប្រឹងប្រែងរបស់ខ្លួនឯងទាំងស្រុង ដោយមិនពឹងទ្រព្យ កេរ្តិ័របស់ឪពុកម្ដាយ។ គេច្រណែនដែលខ្ញុំមានសេរីភាព មានជីវិតផ្សងព្រេង ប្រឹងប្រែងយ៉ាងមានន័យ។

គេនិយាយថា គេមើលមកខ្ញុំ គឺមានជីវិតដែលសមប្រកប អាចធ្វើនូវរឿងដែលខ្លួនស្រឡាញ់ពេញចិត្ត អាចចាប់ផ្ដើមជីវិតដោយមិនបាច់ពឹងឪពុកម្ដាយគ្រួសារ ទោះមិនទាន់មានហូរហៀរដូចគេ តែអ្វីដែលខ្ញុំមានសព្វថ្ងៃ គឺជាទ្រព្យពិតប្រាកដរបស់ខ្ញុំ ដែលមិនដូចគេ គ្រប់យ៉ាងដែលគេមានសព្វថ្ងៃ គឺកើតពីកេរ្តិ័ដែលឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេកឱ្យ គេមិនចង់បានជីវិតដែលមានស្រាប់ មានដោយសារតែទ្រព្យម៉ែឪនោះទេ។

Cc0e813623011d09e0c8b6fb3835407d

តាមពិតទៅ គេមានបុណ្យល្អ សំណាងខ្ពស់ បានរស់នៅប្រកបដោយទ្រព្យធន តែបែរជាមកច្រណែននឹងជីវិតរបស់ខ្ញុំ ដែលចង់បានអ្វី ចង់មានអ្វី គឺត្រូវខំប្រឹងប្រែងរកដោយខ្លួនឯង បើមិនខំ មិនប្រឹង ជីវិតហ្នឹង ច្បាស់ជាគ្មានបាយស៊ីទេ។

ខ្ញុំច្រណែននឹងជីវិតគេ ជីវិតដែលកើតមកមានស្រាប់ មានលុយ ចង់ធ្វើអ្វីក៏បាន ចង់ទិញអ្វីក៏បាន តាមពិតទៅ ដើមទុនជីវិតរបស់គេមានច្រើនជាងខ្ញុំ បុណ្យវាសនាគេល្អជាងខ្ញុំ ... ខ្ញុំច្រណែន ស្ញើចសរសើរជីវិតគេ ចំណែកគេ បែរជាមកច្រណែន ហើយចង់មានជីវិតដូចជាខ្ញុំ ... តើអ្វីទៅ ដែលអាចឱ្យមនុស្សគ្រប់គ្នា ចេះពេញចិត្តនឹងជីវិត ពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន?

អត្ថបទ ៖ pHknongsrok / Knongsrok