មកស្គាល់ប្រភេទដើមឈើ និងដើមផ្កាមួយចំនួន ដែលត្រូវបានគេជឿថា ហាមដាំនៅក្នុងបរិវេណផ្ទះជាដាច់ខាត!

ជាធម្មតានៅតាមផ្ទះនីមួយៗតែងតែមានដាំដើមឈើ ឬដើមផ្កាស្អាតៗដើម្បីទុកលំអផ្ទះឱ្យមានភាពស្រស់ស្អាតទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនផ្សេងៗ។ ប៉ុន្តែក៏មានប្រភេទដើមឈើ ឬដើមផ្កាមួយចំនួនត្រូវបានប្រទេសនៅជិតខាងយើង (ប្រទេសថៃ) ហាមមិនឱ្យដាំនៅក្នុងបរិវេណផ្ទះឡើយ។

យោងតាមជំនឿពីបុរាណកាលមក ពួកគេជឿតៗគ្នាថា ប្រសិនបើដាំដើមឈើ ឬដើមផ្កាទាំងនេះនៅជុំវិញផ្ទះ អាចនឹងនាំមកនូវទុក្ខទោស សំណាងអាក្រក់ ឬរឿងអពមង្គលចូលមកក្នុងផ្ទះ ឬអាចនាំមកនូវជំងឺរាតត្បាតដល់សមាជិកក្រុមគ្រួសារ និងអាចរកស៊ីខាតចុងខាតដើមផងក៏មានដែរ។ ហេតុដូច្នេះហើយទើបអ្នកស្រុកមិននិយមដាំដើមផ្កាទាំងនេះនៅក្នុងផ្ទះរបស់ពួកគេឡើយ។

ខាងក្រោមនេះគឺជាប្រភេទដើមឈើ ឬដើមផ្កា ដែលគេហាមមិនឱ្យដាំនៅក្នុងផ្ទះឡើយ៖

ក) ប្រភេទដើមឈើ៖

១) ដើមរកាំ៖ ជឿថាប្រាកដជាមានមនុស្សមិនតិចទេដែលនិយមចូលចិត្តទទួលទានផ្លែរកាំ ទោះបីជាវាមានរសជាតិជូរតិចៗក៏ដោយ។ ប៉ុន្តែវាមិនត្រូវបានគេនាំមកដាំនៅក្នុងផ្ទះទេ ព្រោះគេជឿថា វាអាចនឹងនាំមកនូវភាពរកាំរកូសដូចឈ្មោះរបស់វាដូច្នោះដែរ ម្យ៉ាងវិញទៀតវាដើម និងផ្លែរបស់វាក៏មានបន្លាៗមុតស្រួចដែលអាចបង្កគ្រោះថ្នាក់បានប្រសិនបើយើងធ្វេសប្រហែស។

สละ2

២) ដើមម្រុំ៖ បច្ចុប្បន្នម្រុំពិតជាពេញនិយមនៅក្នុងការយកមកស្លធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់ និងអាចយកមកកែច្នៃធ្វើជាឱសថដ៏ពូកែនៅក្នុងការព្យាបាលជំងឺផងដែរ។ ប៉ុន្តែនៅសម័យបុរាណគេជឿថា ប្រសិនបើនៅផ្ទះនរណាដែលមានដាំដើមម្រុំ នោះនឹងនាំមកតែរឿងរ៉ាវទុក្ខសោក មានជម្លោះទាស់ទែងគ្នាមិនស្រាកស្រាន្តឡើយ។ ហេតុដូច្នេះគេចាត់ទុកថា ដើមម្រុំគឺជាដើមឈើអពមង្គលម្យ៉ាង ដែលមិនគួរដាំទុកនៅក្នុងផ្ទះទេ។

33

៣) ដើមរកាដែក៖ គ្រាន់តែឮឈ្មោះភ្លាម ប្រាកដណាស់ថា នឹងនឹកឃើញទៅដល់ឋាននរក ព្រោះគេជឿថា អ្នកដែលបានសាងអំពើអាក្រក់កាលពីពេលនៅរស់ ស្លាប់ទៅនឹងទៅឡើងដើមរកាដែកនៅក្នុងឋាននរកជាក់ជាមិនខាន។ ម្យ៉ាងដើមនេះជាប្រភេទដើមឈើដែលមានរូបរាងធំសម្បើម ព្រមទាំងមានបន្លានៅជុំវិញដើមដែលបង្កគ្រោះថ្នាក់ និងភាពគួរឱ្យខ្លាចយ៉ាងខ្លាំង។ ដូច្នេះគេមិនដាំវានៅក្នុងផ្ទះទេ ព្រោះជឿថានឹងនាំនូវភាពចង្រៃ គ្រោះថ្នាក់ និងរឿងមិនល្អផ្សេងៗជាដើម។

20140503 193010

ខ) ប្រភេទដើមផ្កា៖

១) ផ្កាចំប៉ី៖ ថ្វីត្បិតតែផ្កាចំប៉ី គឺជាផ្កាដ៏ស្រស់ស្អាត និងមានក្លិនក្រអូបក៏ពិតមែណ ប៉ុន្តែវាត្រូវបានមនុស្សមួយចំនួនមិនបានដាំវានៅផ្ទះរបស់ពួកគេឡើយ គឺដោយសារតែគេជឿថា វាអាចនឹងនាំមកនូវទុក្ខព្រួយ ព្រោះនៅពេលមានពិធីបុណ្យសពគេតែងប្រើវានៅក្នុងពិធីដើម្បីដាក់នៅលើសព ហើយគេក៏ជឿថាផ្កានេះបើដាំនៅក្នុងផ្ទះប្រៀបដូចជាអ្នកផ្ទះទាំងមូលកំពុងតែកាន់ទុក្ខឱ្យនរណាម្នាក់ពោរពេញទៅដោយទុក្ខព្រួយ ឬបើអ្នករស់នៅតែ២នាក់ប្តីប្រពន្ធ គេជឿថាប្តីអាចនឹងត្រូវឃ្លាតទៅនៅឆ្ងាយ ជីវិតគូមានតែការរងទុក្ខប៉ុណ្ណោះ។

10

២) ផ្កាច្បារ៖ នៅសម័យបុរាណមិនត្រូវបានគេដាំជាទូទៅនៅក្នុងបរិវេណផ្ទះនោះទេ ព្រោះ ដោយសារតែផ្កាច្បារនេះ ជារឿយៗត្រូវបានផ្សារភ្ជាប់នៅក្នុងបញ្ហានៃពាក្យបណ្តឹង ការប្តឹងប្តល់គ្នាទៅវិញទៅមក។ គេជឿថាវាជាផ្កាអកុសល​ ព្រោះកាលពីអតីតកាលកម្រងផ្កាច្បារនេះ ត្រូវបានគេពាក់នៅលើកញ្ចឹងករបស់អ្នកទោសដែលហៀបនឹងប្រហារជីវិត។ ដូច្នេះវាមិនគួរដាំនៅក្នុងផ្ទះទេ ព្រោះនឹងអាចនាំមកនូវទុក្ខទោស និងរឿងមិនសមប្រកបផ្សេងៗ។

77

៣) ផ្ការាក់ ឬផ្កាខ្មោច៖ នៅក្នុងប្រទេសថៃផ្កានេះគេនិយមយកទៅប្រើនៅក្នុងមង្គលការ ឬពិធីមង្គលផ្សេងៗតំណាងឱ្យសេចក្តីស្នេហា ប៉ុន្តែបើយកវាមកដាំនៅក្នុងផ្ទះវិញ គេបែរជាមានជំនឿថាអាចនាំឱ្យស្នេហាមានការប្រេះឆា ឈ្លោះគ្នា រកសុភមង្គលមិនបានឡើយ។ ចំណែកឯនៅក្នុងប្រទេសខ្មែរយើងវិញ ផ្កានេះមិនត្រូវបានដាំនៅក្នុងផ្ទះស្រាប់ទៅហើយព្រោះវាជាដើមផ្កាខ្មោចដែលតែងដុះនៅជិតផ្នូរជាដើម។

44

៤) ផ្កាសោក៖ គ្រាន់តែឈ្មោះផ្កានេះតំណាងឱ្យភាពសោកសៅបាត់ទៅហើយ ដូច្នេះប្រសិនបើដាំវានៅក្នុងផ្ទះគេជឿថា​នឹងនាំមកនូវភាពទុក្ខសោក ភាពខ្លោចផ្សារ រស់នៅក្នុងភាពឈឺចាប់ ជាផ្កាតំណាងឱ្យភាពសោកសៅ។

111

ប៉ុន្តែនេះគ្រាន់តែជាជំនឿតៗគ្នាប៉ុណ្ណោះ បច្ចុប្បន្នអ្នកដែលជឿនៅតែជឿ ឯអ្នកដែលមិនសូវជាមានជំនឿលើរឿងនេះ គេនៅតែនិយមដាំ និងថែរក្សាវាជាទីលំអនៅតាមទីកន្លែងផ្សេងៗដែលគេចូលចិត្ត។