កុំចង់អាយុប៉ុណ្ណេះបានខំ អាយុប៉ុណ្ណេះបានលែងចាំសម្រុករកលុយ តាមពិតទៅបើមានឱកាស មានទេពកោសល្យពិត គួរតែប្រើប្រាស់វាបណ្តើរៗទៅ។ អត្តសញ្ញាណ ៥ របស់អ្នកក្រ គឺតែងតែបង្ហាញចេញមក ដែលអាចឲ្យគេមើលដឹង ហើយជាទូទៅពួកគេមិនងាយមានបានដូចគេនោះទេ ហើយឃើញគេមានក៏បន្ទោសវាសនាខ្លួនឯង៖
៥) ភាពខ្ជិលច្រអូស
ភាពខ្ជិលគឺជាចំណុចរាំងស្ទះធំបំផុតក្នុងដំណើរជោគជ័យរបស់មនុស្ស ខ្ជិលទាំងគិត ខ្ជិលទាំងការធ្វើសកម្មភាព ខ្ជិលទាំងការមានមហិច្ឆតា ភាពខ្ជិលទាំងអស់នេះហើយបើបន្តដក់ជាប់ក្នុងខ្លួនអ្នករយៈពេលយូរវែង នោះជីវិតនឹងកាន់តែច្របូកច្របល់រកច្រកចេញគ្មាន។
ឃើញការងារបានប្រាក់ចំណូលទាប ស៊ូមិនធ្វើហើយអង្គុយឲ្យទំនេរខ្លួនចោល នេះគេហៅមនុស្សមើលស្រាលការងារ។ ត្រូវចាំថា ជីវិតមនុស្សយើងអាចជោគជ័យទៅបាន មិនមែនសុខៗលុយធ្លាក់ពីលើមេឃនោះទេ ពោលគឺទាមទារឲ្យខិតខំពីចំណុចចាប់ផ្តើមដ៏តូចទៅនេះឯង។
៤) យកកិត្តិយសមុខមាត់ជាធំ
គេរកបានកាន់តែច្រើន គេចំណាយកាន់តែតិច យើងរកបានតិច តែចំណាយកាន់តែច្រើន នោះគឺដើម្បីតែម្យ៉ាង គឺដើម្បីបំពេញមុខមាត់កិត្តិយស។ មិនចេះប្រើទេរបស់ធូរថ្លៃ ហាឡើងសុទ្ធតែរបស់ទំនើប ទាំងដែលខ្លួនឯងមិនទាន់នឹងន មានលទ្ធភាពជាដុំកំភួនអីសោះ។
ប្រាក់ខែមួយខែ ២០០-៣០០ ដុល្លារ ហាឡើងខំប្រឹងសន្សំបង់រំលោះទូរស័ព្ទតម្លៃរាប់ពាន់ តែបែរជាមិនខំប្រឹងសន្សំទុកលុយនោះ ទៅវិនិយោគ ឬធ្វើអ្វីដែលអាចបង្កើតជាផលចំណេញត្រលប់មកវិញ។ ឃើញគេហក់ឆ័ត្រមានរបស់ថ្លៃប្រើ ខ្លួនខំទៅតាមគេដែរ នេះមកពីគ្មានផែនការណ៍ចំណាយច្បាស់លាស់ ដូច្នេះអ្នករកដល់ចាស់សក់ស្កូវ ក៏មិនសល់លុយដែរ។
៣) គ្មានភាពជឿជាក់
គ្មានឆន្ទៈខិតខំប្រឹងប្រែង គ្មានការជឿជាក់លើខ្លួនឯង តើឲ្យទៅធ្វើអ្វីរួចទៅ? មនុស្សដែលជោគជ័យគេមើលឃើញឆ្ងាយណាស់ គេមិនដែលងាប់ក្រឡានោះទេ ហើយគេស្អប់បំផុត មនុស្សដែលគ្មានជំនឿជាក់លើខ្លួនឯង។ លើកលោកយើងនេះគ្មាននរណាកើតមកជោគជ័យនោះទេ ហើយបទពិសោធន៍ជីវិតពីចំណុចចាប់ផ្តើមទៅហ្នឹងហើយ ជាអ្វីដែលយើងត្រូវរៀនសូត្រ ហើយមួយទៀតមនុស្សដែលជោគជ័យ គេធ្លាប់ដួលរាប់ភ្លេច តែគេក៏តែងតែក្រោកឈរជានិច្ចដែរ។
២) មើលឃើញប្រយោជន៍ជាធំ
ទាំងការងារ ទាំងការរកស៊ី មនុស្សដែលមើលឃើញប្រយោជន៍ជាធំ លោភលន់ចង់បានខ្លាំងពេក លែងគិតពីអ្នកដទៃ នោះមិនចម្រុងចម្រើនទេ ហើយមិនចម្រើនក៏មិនយូរអង្វែងដែរ។ អ្នកមានពិតប្រាកដ ពួកគេធ្វើដើម្បីចង់បានប្រយោជន៍ដូចគ្នា តែមិនលោភលន់ពេកទេ ព្រោះពួកគេមើលឃើញប្រយោជន៍រយៈពេលយូរ។
១) មានពាក្យ "ត្អូញត្អែរ" ក្នុងវចនានុក្រម
ក្នុងវចនានុក្រមការគិត និងខួរក្បាលរបស់ពួកគេ ពោរពេញទៅដោយភាពត្អូញត្អែរ តែមិនខិតខំប្រឹងប្រែងរកដំណោះស្រាយ។ ពួកគេឆាប់បាក់ទឹកចិត្ត ឆាប់ចុះចាញ់ ពេលខ្លះជោគជ័យនៅនឹងមុខ តែបែរជាដើរថយក្រោយ ព្រោះពួកគេមិនហ៊ានប្រឈមនឹងបញ្ហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក