Chelsea បានយកឈ្នះទៅលើ Arsenal ដល់ក្នុងទឹកដី Emirate Stadium ជាមួយលទ្ធផល ២-០ ដែលជាការរកគ្រាប់បាល់របស់ Romelu Lukaku និង Reece James។ ក្រោយចប់ការប្រកួត ក្រុមកាំភ្លើងធំបានទទួលរងមតិរិះគន់យ៉ាងដំណំ ពោលបន្ទាប់ពី ២ ប្រកួតបើកឆាកមិនទាន់យកបានសូម្បីមួយពិន្ទុ។
យ៉ាងណាទៅមើលការយល់ឃើញរបស់អតីតជើងចាស់លោក Ian Wright បានបង្ហាញការកោតសរសើរដល់កីឡាកររបស់ក្រុមម្ចាស់ផ្ទះមួយរូប នោះគឺខ្សែបម្រើវ័យក្មេង Albert Sambi Lokonga។
ប្រាប់សារព័ត៌មាន BBC ក្រោយបិទការប្រកួត លោក Wright និយាយ៖ "ខ្ញុំមិនគិតថា Arsenal ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះទេ ពោលតាំងពីកាលប៉ះ Brentford ហើយឥឡូវមកមើល Chelsea និងការលេងរបស់ Lukaku ថ្ងៃនេះ គឺយើងកាន់តែមិនអាចធ្វើបាន ទៅតាមអ្វីដែល Arteta ចង់ឲ្យធ្វើ"។
លោកសង្កត់ធ្ងន់៖ "ខ្ញុំមើលឃើញតែ Lokonga មួយទេ ដែលលេងបានល្អបំផុតថ្ងៃនេះ និយាយទៅខ្ញុំមិនយល់ពីតាក់តិចរបស់ Arsenal ដែរ ដោយយើងមើលទៅប្រព័ន្ធរបស់ក្រុមហាក់ងាយនឹងបែកខ្លាំងពេក"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក