Juventus បានត្រឹមយក ១ ពិន្ទុពីក្រុមម្ចាស់ផ្ទះ Udinese ក្រោយចប់លទ្ធផល ២-២ កាលពីយប់មិញ។ តារាឆ្នើម Cristiano Ronaldo ពុំបានជាប់ជម្រើសដំបូងនោះទេ ដោយលោកអង្គុយបម្រុងរហូតដល់នាទី ៥៩ ទើបប្តូរចូលជំនួស Alvaro Morata។
ដើមឡើយគ្រាប់បាល់ទាំង ២ គ្រាប់របស់សេះបង្កង់ ធ្វើបានដោយ Paulo Dybala នៅនាទីទី ៣ និង Juan Cuadrado នៅនាទីទី ២៣។ មកដល់នាទី ៩៥ ពេល CR7 រកបានគ្រាប់បាល់ ដែលគ្រប់គ្នាគិតថាក្រុមយកបាន ៣ ពិន្ទុហើយនោះ ចុងក្រោយបែរជាអត់វិញ។
ម្ចាស់ពាន Ballon d'Or ៥ សម័យកាល ដែលគិតថាខ្លួនរកបានគ្រាប់បាល់ទី ៣ ឲ្យ Juventus នៅចុងម៉ោង ដល់ថ្នាក់ដោះអាវអបអរ តែចុងក្រោយ VAR ឆែកមើល ឃើញថា ជាគ្រាប់បាល់ Offside ហើយកាតលឿងដែលអាជ្ញាកណ្ដាលផ្តល់ឲ្យ Ronaldo ដោយសារការដោះអាវគឺនៅជាប់ពិន័យដដែល។
ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1429511302393724930
គួរឲ្យដឹងដែរថា អ្នកគាំទ្រក៏កំពុងតែបារម្ភពីទំនាក់ទំនងរវាង Ronaldo និងគ្រូ Allegri ដែលនេះហាក់កំពុងវិលទៅសម័យកាលឆ្នាំ ២០១៨ វិញហើយ ដោយកាលនោះអ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏មិនសូវប្រើប្រាស់កីឡាករព័រទុយហ្គាល់ជាប់លាប់នោះដែរ ពោលភាគច្រើនគឺដាក់បម្រុង។ សម្រាប់ប្រកួតបន្ទាប់ Juventus នឹងត្រូវជួប Empoli នៅទឹកដីរបស់ខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក