ធ្វើជាមនុស្សប្រុសម្នាក់ វាមិនមែនជារឿងងាយស្រួលទេ គឺត្រូវទទួលរ៉ាប់រងបន្ទុកធ្ងន់ណាស់

កើតមកជាកូនប្រុស មនុស្សគ្រប់គ្នាតែងតែនិយាយថា​សំណាងណាស់ ព្រោះចង់ដើរហើរទៅណាក៏បានតាមចិត្ត ធ្វើអ្វី ក៏មិនសូវត្រូវគេនិយាយដើមដូចកូនស្រីនោះដែរ។ ប៉ុន្តែ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ពីទំហំនៃបន្ទុក និងទំនួលខុសត្រូវនៅក្នុងជីវិតរបស់មនុស្សប្រុស?

មនុស្សគ្រប់គ្នា ផ្ដោតសំខាន់តែលើការលះបង់របស់មនុស្សស្រី បន្ទុកទទួលរ៉ាប់រងលើការងារក្នុងផ្ទះ និងក្រៅផ្ទះរបស់មនុស្សស្រី តែភាគតិចណាស់ ដែលយល់ពីការលះបង់ និងទំនួលខុសត្រូវដ៏ធំធេងរបស់មនុស្សប្រុសក្នុងនាមជាកូន ជាប្ដី ជាឪពុក ជាបង្គោលរបស់គ្រួសារ។

184777205_327755875386590_8247461459521557564_n

មែនហើយ បើនិយាយចំពោះការរ៉ាប់រង និងបន្ទុកដ៏ធ្ងន់ក្នុងផ្ទះ ចំពោះប្ដី ចំពោះកូន មនុស្សស្រីពិតជាលំបាកច្រើន នាងមានការលះបង់ពេញមួយជីវិត ទាំងកម្លាំងកាយ កម្លាំងចិត្ត លះបង់ទាំងរូបសម្រស់របស់នាង ហើយចំពោះមនុស្សស្រីខ្លះ នាងបាត់បង់ទាំងសេរីភាពក្នុងជីវិតថែមទៀតផង តែអ្វីដែលនាងទទួលបានមកវិញ គឺការមើលរំលង ការមើលងាយ ការក្បត់ផិត ធ្វើបាបចិត្តនាងតែប៉ុណ្ណោះ ម្ល៉ោះហើយ ទំហំនៃការលះបង់ និងការឈឺចាប់របស់មនុស្សស្រី គឺវាមានទំហំធំជាង។

ចំណែកឯមនុស្សប្រុសវិញ ភាគច្រើនគឺដើម្បីតែចំណង់តណ្ហា អារម្មណ៍ និងការសប្បាយរបស់ខ្លួនតែប៉ុណ្ណោះ មិនខ្វល់ថាខ្លួនមានប្រពន្ធ មានកូនដែលត្រូវរ៉ាប់រងនោះឡើយ គេធ្វើអ្វីដើម្បីតែខ្លួនគេតែប៉ុណ្ណោះ។ មនុស្សប្រុសតិចណាស់ ដែលមានការលះបង់ដើម្បីក្រុមគ្រួសារ មនុស្សប្រុសខ្លះទៀត អាងថាខ្លួនធ្វើការរកលុយ អាងថាខ្លួនជាមេគ្រួសារ ធ្វើអ្វីដោយមិនគិតពីសមាជិក គិតពីចិត្តគំនិតរបស់ប្រពន្ធនោះឡើយ តែងតែធ្វើបាបចិត្ត ធ្វើឱ្យប្រពន្ធគ្រាំចិត្តតែប៉ុណ្ណោះ។ ភាគច្រើននៃមនុស្សប្រុស បើមិនខូចរឿងស្រីទេ គឺខូចព្រោះរឿងស៊ីផឹក ស្រឡាញ់មិត្តភក្តិជាងប្រពន្ធកូន បើមិនដូច្នោះទេ គឺបំផ្លាញ រឿងល្បែងស៊ីសង ព្រោះតែបែបនេះហើយ ទើបតម្លៃនៃភាពជាមនុស្សប្រុស មិនត្រូវបានគេមើលឃើញ និងគោរពនោះឡើយ ព្រោះមនុស្សប្រុសមួយចំនួន គឺអត់កំណើតខ្លាំងពេក។

196326774_345863006909210_273256099959172084_n

ប៉ុន្តែ បើយើងក្រឡេកមើលមនុស្សប្រុសពិតប្រាកដ ដែលមានការលះបង់ចំពោះមនុស្សដែលខ្លួនស្រឡាញ់ មានការលះបង់ចំពោះអ្នកមានគុណ ជាកូនល្អ កត្តញ្ញូ ជាប្ដីល្អ ប្រកបដោយព្រហ្មវិហារធម៌ ជាឪពុកល្អ ជាគម្រូល្អសម្រាប់កូនៗ មនុស្សប្រុសដែលដឹងពីតួនាទី កាតព្វកិច្ចរបស់ខ្លួន មានទំនួលខុសត្រូវខ្ពស់ចំពោះមនុស្សក្បែរខ្លួន គាត់ពិតជាត្រូវរែកអម្រែកជីវិតមួយនេះធ្ងន់ណាស់ ទាំងសម្ពាធការងារ សម្ពាធសង្គម ការរ៉ាប់រងក្នុងគ្រួសារ ត្រូវគិតគូរពីឪពុកម្ដាយចាស់ៗថែមទៀត បន្ទុកមួយនេះ គឺជាបញ្ហាដ៏ធំសម្រាប់មនុស្សប្រុស ហើយក៏មានតែមនុស្សប្រុសដែលស្រឡាញ់គ្រួសារ ស្មោះត្រង់ចំពោះប្រពន្ធកូនទេ ទើបស្គាល់ស្ថានភាពបែបនេះច្បាស់។

មនុស្សប្រុស ត្រូវរែកអម្រែកដ៏ធំនៅក្នុងជីវិត ហត់នឿយ លំបាកយ៉ាងណា ក៏មិនគិត មិនរារែក មិនចុះចាញ់ រឹតតែមិនអាចបោះបង់អ្វីបានឡើយ ហេតុផល គឺដោយសារតែគិតគូរដល់ប្រពន្ធកូន ដូច្នេះ ខ្លួនឯងរឹតតែមិនអាចចុះចាញ់បញ្ហាបានជាដាច់ខាត។ ក៏មានពេលខ្លះ គឺត្រូវលាក់ទុក្ខបញ្ហា ការលំបាក ស៊ូរ៉ាប់រងតែម្នាក់ឯង ព្រោះមិនចង់នាំទុក្ខដល់ប្រពន្ធកូន មិនចង់ធ្វើឱ្យប្រពន្ធត្រូវមកគិត ពិបាកចិត្តជាមួយឡើយ ព្រោះខ្លួនជាមេគ្រួសារ ជាប្ដី​ ដូច្នេះ គឺត្រូវតែរ៉ាប់រង ហែលឆ្លង និងជម្នះឱ្យបាន។

199299413_347233466772164_932339638078543254_n

ក្នុងជិវិតមនុស្សប្រុស គឺត្រូវគិតគ្រប់ជ្រុង គ្រប់បញ្ហា រ៉ាប់រងគ្រួសារ ប្រពន្ធកូន ហើយក៏ត្រូវរ៉ាប់រង និងបំពេញតួនាទីជាកូនកត្តញ្ញូ មើលថែ រក្សាឪពុកម្ដាយចាស់ៗថែមទៀត។ ណាម្ដាយឪពុកផង ណាទម្រុកបម្រុងកូនៗផង ត្រូវផ្ដល់ឱ្យប្រពន្ធឱ្យគាត់ក្លាយជានារីដែលមានសំណាង មានគ្រប់យ៉ាង។ ក៏មានមនុស្សប្រុសខ្លះ ជាបងគេ គឺត្រូវមើលការខុសត្រូវចំពោះប្អូនៗជំនួសឪពុកម្ដាយទៀត តើអម្រែកមួយនេះ វាធំ និងធ្ងន់ប៉ុនណា? ងាកទៅខាងណា ក៏មានតែពាក្យថា តួនាទី កាតព្វកិច្ច និងទំនួលខុសត្រូវ ហើយអម្រែកមួយនេះ គឺមិនអាចដាក់ចុះបានឡើយ។

ដូច្នេះ ទំហំនៃការលះបង់របស់មនុស្សប្រុស គឺមិនចាញ់មនុស្សស្រីនោះឡើយ។ ក្នុងភាពជាប្ដីប្រពន្ធ គឺមានការលះបង់ធំដូចគ្នា ដើម្បីគ្រួសារ ដើម្បីកូនៗ គឺមានតែត្រូវទ្រាំលំបាក ហែលឆ្លងឧបសគ្គគ្រប់បែបយ៉ាងទៅជាមួយគ្នា នេះហើយទើបគេហៅថាប្ដីប្រពន្ធ មិនអាចទម្លាក់បន្ទុក និងការរ៉ាប់រងទៅលើតែម្ខាងបានឡើយ។

212499497_365159951646182_5492428489437051351_n

លើសពីនេះ ជាប្ដីប្រពន្ធនឹងគ្នា ត្រូវតែចេះដឹងពីទុក្ខលំបាក បញ្ហា និងត្រូវចេះសម្រាលបន្ទុកជាមួយគ្នា កុំចាំតែបន្ទោស កុំចាំតែទម្លាក់កំហុសទៅលើម្ខាងណាឱ្យសោះ ព្រោះប្ដីប្រពន្ធ ត្រូវតែចេះគោរព ដឹងសុខទុក្ខគ្នាទៅវិញទៅមក ស្រឡាញ់គ្នា មើលថែគ្នា ចេះអាណិតអាសូរគ្នា ព្រោះសុទ្ធតែត្រូវជួបការលំបាក បញ្ហា ហត់នឿយរៀងៗខ្លួន អ៊ីចឹងហើយ កុំធ្វើបាបគ្នា មិនថាផ្លូវកាយ ឬផ្លូវចិត្តនោះឡើយ។ "ប្រពន្ធឱ្យចេះគោរព ឱ្យតម្លៃប្ដី ប្ដីត្រូវចេះអាណិតស្រឡាញ់ប្រពន្ធ"៕

អត្ថបទ ៖ pHKnongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: