អ្នកខ្លះគិតថាឲ្យតែទទួលទានតិច គឺដឹងតែស្រកគីឡូហើយ តាមពិតទៅវាមិនដូច្នោះទាំងអស់ទេ ព្រោះវានៅមានកត្តាជាច្រើនទៀត ពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ក៏ដូចជារបបអាហារដែលអ្នកទទួលទាននោះផង។ ខាងក្រោមយើងបង្ហាញកំហុសសាមញ្ញ ៣ ដែលមនុស្សជាច្រើនមើលរំលង ទើបនាំឲ្យពួកគេពិបាកនឹងសម្រកទម្ងន់៖
៣) អាហារមានបន្លែក៏បណ្តាលឲ្យធាត់ដែរ
អ្នកខ្លះគិតថា អាហារដែលមានបន្លែ គឺល្អចំពោះសុខភាព។ ជាការពិតវាល្អមែន ព្រោះមានជាតិសរសៃ ជួយដល់ប្រព័ន្ធរំលាយអាហារ តែបើយើងទទួលទានបន្លែដែលស្រុះ គឺល្អជាងបន្លែដែលមានជាប់ជាតិខ្លាញ់ ព្រោះវានឹងនៅតែនាំឲ្យឡើងគីឡូ និងឡើងកាឡូរីដដែល។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា សម្រាប់អ្នកចង់សម្រកទម្ងន់គួរទទួលទានអាហារស្រុះ មិនគួរទទួលទានអាហារដែលយកបន្លែទៅចៀន ដោយមានប្រេងជាប់ជាមួយនោះទេ។
២) ទទួលទានផ្លែឈើច្រើនពេក ជាពិសេសរបស់ផ្អែម
សម្រាប់មួយចំនួនគិតថា ការទទួលទានផ្លែឈើគឺល្អចំពោះសុខភាព ហើយខំសម្រុកទទួលទានច្រើន។ យ៉ាងណាផ្លែឈើក៏មានផ្លែឈើល្អនិងមិនល្អ ហើយមានពេលវេលាល្អនិងមិនល្អ ដែលយើងត្រូវសិក្សាឲ្យច្បាស់។
ឧទាហរណ៍៖ អ្នកសម្រុកទទួលទានផ្លែឪឡឹក ផ្លែស្វាយ និងផ្លែស្រកានាគ នៅពេលយប់ នោះជាតិស្ករនឹងកើនឡើង ដែលនេះនឹងមិនល្អចំពោះសុខភាពទៅវិញ ហើយវាមិនបានជួយឲ្យស្រកទម្ងន់ទេ ផ្ទុយទៅវិញវាថែមទាំងឡើងជាតិស្ករក្នុងឈាមទៀត។ ល្អបំផុតគួរទទួលទាននៅពេលព្រឹក ឬពីក្បាលល្ងាច តែជ្រើសរើសផ្លែឈើដែលមានជាតិស្ករទាប។
១) ទទួលទានបាយតិច តែអាហារសម្រន់ច្រើន
នៅពេលសម្រកទម្ងន់ អ្នកខ្លះកាត់បានការមិនទទួលទានបាយ តែទៅមើលអាហារសម្រន់ដូចជាដំឡូងបារាំងបំពងជាដើមនោះ ដែលមានលាយជាតិម្សៅនិងខ្លាញ់ច្រើន ពួកគេនៅបន្តទទួលទានជាប់មាត់ដដែល។ ដូច្នេះទម្លាប់មួយនេះ ក៏មិនបានជួយឲ្យអ្នកស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពនោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក