វាជារឿងដែលមិនគប្បីនោះឡើយ ដែលយើងទៅលេងសើចជាមួយនឹងអារម្មណ៍ ឬផ្លូវចិត្តរបស់នរណាម្នាក់ផ្ដេសផ្ដាសនោះ ព្រោះថាអារម្មណ៍ និងផ្លូវចិត្តរបស់មនុស្ស គឺមិនអាចលេងសើច ដូចគ្មានរឿងអ្វីបាននោះឡើយ។ យ៉ាងណាក៏ដោយ វារឹតតែមិនគួរទៅលេងសើចនឹងអារម្មណ៍ របស់មនុស្ស៣ប្រភេទខាងក្រោមនេះ ព្រោះវាមិនត្រឹមតែមិនសមរម្យប៉ុណ្ណោះទេ តែវាថែមទាំងអាចនឹងបង្កជាបញ្ហា ការឈ្លោះទាស់ ឬគ្រោះថ្នាក់ដោយយថាហេតុថែមទៀតផង។ ដូច្នេះ ចូរចាំទុក កុំលេងសើចនឹងអារម្មណ៍ ឬផ្លូវចិត្តរបស់មនុស្សទាំង៣ប្រភេទនេះ។
១. មនុស្សប្រកាន់ច្រើន
មែនហើយ មនុស្សខ្លះ គឺប្រកាន់ច្រើនពិតមែន សូម្បីតែរឿងតិចតួច តូចតាច ក៏មិនអាចលេងសើចនឹងគេបានដែរ គេប្រកាន់ច្រើន ពូកែចាប់ថ្នាក់ តឹងតែង ចិត្តចង្អៀត ដូច្នេះ បើយើងលេងសើចជាមួយនឹងគេ គេអាចនឹងគិតច្រើន ជួនកាលគេអាចនឹងគិតថា យើងនេះប្រមាថ មើលងាយគេថែមទៀត ទាំងដែលការគិត វាគ្រាន់តែជាការលេងសើចធម្មតាតែប៉ុណ្ណោះ។
ដូច្នេះហើយ ជាមួយនឹងមនុស្សប្រកាន់ច្រើន កុំទៅលេខជាមួយនឹងគេអី ទោះបីចង់បង្កើតភាពស្និទ្ធស្នាល ឬគិតថាជាមិត្តនឹងគ្នាក៏ដោយ កុំបណ្ដោយឱ្យការលេងសើច បង្កើតនូវអារម្មណ៍មិនល្អ ថ្នាំងថ្នាក់ដាក់គ្នាអី។
២. មនុស្សកំពុងតែខឹង
ដាច់ខាត មនុស្សដែលកំពុងតែខឹង មិនត្រូវទៅលេងសើចជាមួយនឹងផ្លូវចិត្ត ឬអារម្មណ៍របស់គេនោះឡើយ ព្រោះមនុស្សដែលកំពុងតែខឹង កុំថាឡើយអ្នកដទៃទៅនិយាយអ្វីជាមួយគេ សូម្បីតែឆ្កែដើរពីមុខ ក៏គេមួម៉ៅដាក់ដែរ។
ត្រូវដឹងថា មនុស្សដែលកំពុងតែខឹង គឺមិនអាចគ្រប់គ្រងអារម្មណ៍ និងផ្លូវចិត្តគេបាននោះឡើយ ដូច្នេះ ប្រសិនបើយើងទៅលេងសើចនឹងគេ អាចនឹងធ្វើឱ្យអារម្មណ៍គេកាន់តែអាក្រក់ទៅៗ មិនសូវជាល្អនោះឡើយ។ ម្យ៉ាងទៀត មនុស្សដែលកំពុងតែខឹង គេអាចនឹងនិយាយស្ដី ឬធ្វើអ្វីមួយដោយមិនបានគិតបានច្រើនទេ គេអាចព្រោះតែអារម្មណ៍មួយប្រាវ គឺបង្កបញ្ហាច្រើនលើសពីការស្មានទុកមុន។
៣. មនុស្សកំពុងតែឃ្លាន
មនុស្សដែលកំពុងតែឃ្លាន អារម្មណ៍ក៏មិនល្អ មិននឹងន ហើយក៏មិនស្រឡះដែរ ដូច្នេះ គេក៏អាចនឹងធ្វើអ្វីមិនបានគិតដូចគ្នា មនុស្សប្រភេទនេះ គឺមិនខុសពីមនុស្សដែលកំពុងតែខឹងនោះឡើយ គឺគេអាចនឹងធ្វើរឿងដែលមិនគប្បី ជាពិសេស គឺពេលដែលមាននរណាម្នាក់ទៅនិយាយលេងសើច ឬចំអកឡកលើយបន្ថែមពីលើគេទៀត ដូច្នេះ គឺប្រៀបដូចជាការចាក់សាំងលើភ្លើងអ៊ីចឹង គឺមិនល្អចំពោះស្ថានភាពនោះទេ។
ជាពិសេស គឺចំពោះមនុស្សស្រីដែលនាងកំពុងតែឃ្លានខ្លាំង ច្បាស់ណាស់ថា អារម្មណ៍នាង គឺដូចជាពេលមករដូវអ៊ីចឹង ប្រែប្រួល មួម៉ៅ ក្ដៅក្រហាយ ទឹកមុខរបស់នាងក៏មិនស្រស់បស់ល្អដែរ សម្ដី និងទង្វើរបស់នាង នឹងឆាប់ប្រែប្រួលទៅតាមអារម្មណ៍ និងសម្ដីរបស់មនុស្សដែលចូលទៅលេងសើចនឹងផ្លូវចិត្ត ផ្លូវអារម្មណ៍របស់នាងមិនខាន៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុក (Knongsrok)