បងប្អូនប្រិយមិត្តធ្លាប់ដែលទេ នៅសុខៗស្រាប់តែច្រមុះមិនអាចហិតដឹងក្លិនបាន ទាំងក្លិនក្រអូប ទាំងក្លិនមិនល្អ។ តើវាគឺជារោគសញ្ញាដែលរាងកាយចង់បង្ហាញយើងតើមែនទេ?
ប្រសិនបើរាងកាយមានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃនោះវាបញ្ជាក់បង្ហាញថាវានឹងឈឺ ហើយយើងប្រហែលជាបានទាយបានរួចទៅហើយថាវា បណ្តាលមកពីការសម្រាកមិនគ្រប់គ្រាន់ ឬធ្វើការងារហួសប្រមាណ ។ ប៉ុន្តែនៅពេលដែលមានរោគសញ្ញាគួរឱ្យកត់សម្គាល់បន្ថែមទៀតដូចជា ច្រមុះដែលមិនធុំក្លិនអ្វីទាំងអស់ នោះយើងអាចនឹងចាប់ផ្តើមភ័យស្លន់ស្លោថាតើវាមានបញ្ហាអ្វី? ដូច្នេះសូមពិនិត្យមើល ថាតើច្រមុះហិតមិនដឹងក្លិនគឺជាជំងឺអ្វីឱ្យពិតប្រាកដ ។
ច្រមុះដែលហិតមិនធុំក្លិន ភាគច្រើនបណ្តាលមកពីមូលហេតុ ៣ យ៉ាងដូចខាងក្រោម ៖
១. ឆ្លងមេរោគ (Virus Infection)
ជាទូទៅការបង្កមេរោគដោយ ពពួកវីរុសវាអាចសាងភាពប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងប្រព័ន្ធសរសៃប្រសាទ ដូចជាវីរុសផ្តាសាយដែលអាចបណ្តាលឱ្យតឹងច្រមុះហៀរសំបោរ និងរោគសញ្ញាផ្តាសាយទូទៅ ក៏អាចមានអាចមានផលប៉ះពាល់ដល់ច្រមុះឱ្យហិតក្លិនមិនដឹងបានដែរ។
ទោះជាយ៉ាងណាក៏ដោយច្រមុះដែលមិនទទួលក្លិនតាមរយៈការឆ្លងមេរោគ ធ្ងន់ប៉ុណ្ណានិងរយៈពេលយូប៉ុន្មាន វាអាស្រ័យលើភាពធ្ងន់ធ្ងរនៃសរសៃប្រសាទទទួលក្លិន។ ប្រសិនបើវីរុសបានបង្កឱ្យសរសៃប្រសាទនោះហើម ឬតំណើរការមិនពេញលេញ ដោយវាមិនបានដាច់ ឬខូចខាតនៅត្រង់ចំណុចណាមួយទេ រោគសញ្ញានេះប្រហែលជាមានរយៈពេលខ្លីតែប៉ុណ្ណោះ។ នៅពេលដែលរាងកាយអាចយកឈ្នះវីរុសបាន រោគសញ្ញាផ្សេងទៀតនឹងជាសះស្បើយបន្តិចម្តង ៗ ហើយអាការៈច្រមុះហិតមិនដឹងក្លិននឹងប្រសើរជាងមុន ឬនឹងបាត់ទៅវិញក្នុងរយៈពេលប្រហែល ៦ ខែអាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗ។
ប៉ុន្តែប្រសិនបើវីរុសបានបំផ្លាញសរសៃប្រសាទទទួលក្លិន អ្នកជំងឺតិចតួចណាស់ដែលឱកាសវិលត្រឡប់មកមានក្លិនដូចធម្មតាវិញ ឬនឹងមានរោគសញ្ញាច្រមុះហិតមិនដឹងក្លិនក្នុងរយៈពេលយូរប្រហែល 6 ខែ - 1 ឆ្នាំ។ ប៉ុន្តែប្រសិនបើអាការៈនេះអូសបន្លាយពេលរហូតដល់ជាងមួយឆ្នាំ នោះឱកាសនៃការវិលត្រឡប់មកសភាពធម្មតាវិញអាចត្រូវបានកាត់បន្ថយ ប៉ុន្តែវាក៏អាស្រ័យលើកត្តារបស់មនុស្សម្នាក់ៗផងដែរ។
2. មានបញ្ហានៅផ្លូវដកដង្ហើមនៃប្រហោងច្រមុះ (Diseases of the nasopharynx and sinuses)
រោគសញ្ញាដែលច្រមុះមិនធុំក្លិនអាចប្រហែលជាបណ្តាលមកពីការរាំងស្ទះប្រហោងច្រមុះដូចជា ហើមច្រមុះ ឬរលាកច្រមុះរ៉ាំរ៉ៃ, រលាកប្រហោងឆ្អឹង (Sinusitis), អាលែកហ្សីច្រមុះងាយផ្ដាសាយ ងាយចាញ់អាកាសធាតុ ឬបញ្ហាដុះសាច់ក្នុងច្រមុះជាដើម ។ ជាទូទៅអ្នកជំងឺមានអាការៈផ្សេងៗទៀតដូចជា ពិបាកដកដង្ហើម ឧស្សាហ៍ហៀរសំបោក្តៅក្រហាយក្នុងច្រមុះ ឬមានអាការៈឈឺក្បាលជាប្រចាំ ។
ទោះជាយ៉ាងណាក៏ដោយរោគសញ្ញាច្រមុះហិតមិនធុំក្លិននៃអ្នកជំងឺមួយក្រុមនេះ គឺជួនមានជួនអត់ វាអាស្រ័យលើកំរិតនៃស្ថានភាពជំងឺដែរ ។ រីឯការព្យាបាលគឺអាចនឹងព្យាបាលអាការៈហើម និងស្ទះក្នុងច្រមុះដែលជាដើមហេតុនៃការបង្ខាំងមិនឱ្យក្លិនមិនអាចចូលទៅរំញោចដល់ចុងសរសៃប្រសាទដែលទទួលក្លិនបាន វិធីសាស្រ្តមានដូចជាការប្រើប្រាស់ថ្នាំ ឬការវះកាត់ វាអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។
3. ធ្លាប់មានគ្រោះថ្នាក់នៅត្រង់ចំណុចក្បាល (Head Accident)
បញ្ហាគ្រោះថ្នាក់ក្បាល អាចបណ្តាលឱ្យដាច់សរសៃប្រសាទទទួលក្លិន រីឯគ្រោះថ្នាក់ដែលមានការបាក់ឆ្អឹងក៏អាច ធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទទទួលក្លិនដែរ។
លើសពីនេះទៅទៀត នៅមានកត្តាផ្សេងៗ ដូចជាការស្រូបចូលសារធាតុគីមីជាប្រចាំ ក៏អាចបណ្តាលឱ្យប៉ះពាល់ដល់សរសៃប្រសាទទទួលក្លិនមានការខ្សោយ ចុះផងដែរ។ ម្យ៉ាងវិញទៀតកត្តាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីត ក៏អាចជាមូលហេតុដែលបណ្តាលប្រព័ន្ធសសៃប្រសាទទទួលក្លិនមានមានការថយចុះផងដែរ ៕
ប្រភព៖ Kapook/Knongsrok