ទូដាក់ស្បែកជើងឬកន្លែងដាក់ស្បែកជើង នៅខាងក្នុងផ្ទះ តាមក្បួនហុងស៊ុយ ជាកន្លែងដែលគេយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះបើអនុវត្តខុសវាអាចជះឥទ្ធិពលអវិជ្ជមានដល់ម្ចាស់ផ្ទះ និងនាំសំណាងមិនល្អចូលមកក្នុងផ្ទះ។ ខាងក្រោម Knongsrok បង្ហាញក្បួនធំៗទាំង ៤ ដែលអ្នកគួរអនុវត្ត៖
៤) កុំជ្រើសរើសទូដាក់ស្បែកជើងដែលខ្ពស់ពេក
នៅក្នុងក្បួនហុងស៊ុយ អ្នកមិនត្រូវជ្រើសរើសទូដាក់ស្បែកជើងដែលខ្ពស់ពេកទេ ពោលត្រូវយកនៅប្រភេទទាបល្មម ហើយមានគ្រឹះរឹងមាំ ដែលវាមិនងាយបែកបាក់។ ជម្រើសនៃការទិញល្អបំផុត គេណែនាំឲ្យទិញប្រភេទមានកន្លែងដាក់ ៥ ជាន់ ដែលអាចសាបព្រោះផលល្អមកគ្រួសារច្រើន។
៣) កុំដាក់ក្បាលស្បែកជើងចេញមកក្រៅ
នៅពេលដែលដាក់ស្បែកជើងចូលទូ អ្នកត្រូវចាំថា កុំដាក់ក្បាលវាឲ្យចង្អុលចេញមកក្រៅ ជាពិសេសគឺស្បែកជើងកែងរបស់មនុស្សស្រី។ តាមជំនឿគេជឿថា បើដាក់ចេញមកក្រៅ ទៅពេលខាងមុខ អាចនឹងធ្វើឲ្យសមាជិកគ្រួសារជួបបញ្ហាសុខភាពមិនល្អ។
២) កុំដាក់ទូស្បែកជើងក្នុងបន្ទប់គេង
បន្ទប់គេងតាមពិតទៅជាកន្លែងផាសុកភាព ដូច្នេះបើដាក់ទូស្បែកជើងនៅខាងក្នុងនោះ មិនត្រឹមតែបង្កបាក់តេរីប៉ុណ្ណោះទេ ទៅមើលក្បួនហុងស៊ុយក៏មិនល្អផងដែរ។
យ៉ាងណាបើយើងរស់នៅជារបៀបដូចខុនដូ ឬបន្ទប់យើងតូច ដែលអស់ជម្រើសហើយនោះ ក៏អាចដាក់បានដែរ តែទាមទារចាំបាច់ឲ្យមានផើងផ្កាអ្វីមួយមកតម្កល់ក្បែរទូនោះ ដើម្បីជួយឲ្យម្ចាស់ផ្ទះទាញសំណាងត្រលប់មកវិញ។
១) ទូដាក់ស្បែកជើងគួរតែដាក់នៅផ្នែកខាងឆ្វេងនៃជញ្ជាំង
យោងតាមក្បួនហុងស៊ុយ អ្នកគួរតែដាក់ទូដាក់ស្បែកជើងនៅផ្នែកខាងឆ្វេងនៃជញ្ជាំង ព្រោះវាជួយការពារក្រុមគ្រួសារមិនឲ្យជួបសំណាងអាក្រក់ ហើយជួបតែភាពសុខដុមរមនា។ លើសពីនេះអ្នកមិនគួរដាក់វានៅក្បែរទីតាំងអាសនៈនោះទេ ព្រោះអាចប៉ះពាល់ដល់វត្ថុសក្ដិសិទ្ធិ នាំឲ្យធ្លាក់យីអ៊ុនម្ចាស់ផ្ទះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក