ពេលនេះ កំពុងតែឈឺចាប់ណាស់មែនទេ? ខកចិត្តនឹងរឿងច្រើនណាស់មែនទេ? ជួបមនុស្សដែលធ្វើបាបផ្លូវចិត្ត ធ្វើឱ្យឈឺចិត្តខ្លាំងណាស់មែនទេ?
ខ្ញុំមិនដឹងថា តើអ្នកទាំងអស់គ្នា ជឿជាក់លើពេលវេលាច្រើនប៉ុនណានោះទេ ហើយខ្ញុំក៏មិនដឹងថា តើគួរធ្វើបែបណា ដើម្បីជួយពង្រឹងចិត្តគំនិត និងស្មារតីរបស់អ្នក ឱ្យជឿជាក់លើពេលវេលា ថាវា ពិតជាអាចព្យាបាលរបួសស្នាម និងការឈឺចាប់ដែលមាននៅក្នុងចិត្តរបស់អ្នកបាននោះដែរ។
តែអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានៅពេលនេះគឺ អ្នកអាចឈឺចាប់បាន ខូចចិត្តបាន ខកបំណងបាន តែហាមបន្តវាយូរពេក ទុកថាការឈឺចាប់ទាំងឡាយ គឺប្រៀបដូចជាការដើរដួលទៅចុះ។ ពេលខ្លះ ដួលភ្លាម អ្នកត្រូវងើបឡើងភ្លាម តែក៏មានពេលខ្លះ អ្នកអាចនឹងនៅសម្ងំមួយសន្ទុះសិន ព្រោះវាឈឺខ្លាំង ដែលមិនអាចក្រោកបានភ្លាមៗឡើយ តែយ៉ាងណាក៏ដោយ អ្នកក៏មិនអាចនៅសម្ងំត្រាំត្រែង ចាំអ្នកណាមកលើកនោះដែរ គឺអ្នកត្រូវតែព្យាយាមក្រោកឡើងសន្សឹមដោយខ្លួនឯង ហើយក៏ជឿថា អ្នកពិតជាអាចធ្វើបាន។
រីឯការឈឺចាប់ទាំងប៉ុន្មាន ដែលអ្នកកំពុងតែជួបប្រទះនៅក្នុងពេលនេះ វាក៏ដូចគ្នាដែរ មិនថាអ្នកឈឺចាប់ខ្លាំងយ៉ាងណា មិនថាបញ្ហា ការលំបាក ឧបសគ្គទាំងនោះច្រើនប៉ុនណា ហើយក៏មិនខ្វល់ថា អ្នកណាជាអ្នកធ្វើឱ្យអ្នកឈឺចាប់នោះឡើយ តែអ្វីដែលសំខាន់ គឺអ្នកត្រូវតែព្យាយាមរើបម្រះពីចំណុចមួយនេះ ហើយដើរបន្តសន្សឹមៗទៅមុខ កុំឈប់នៅតែមួយកន្លែង ហើយត្រាំត្រែងក្នុងរណ្ដៅនៃការឈឺចាប់មួយនេះអី។
អ្នកត្រូវចាំថា ត្រឹមតែ១វិនាទី ដែលយើងបានរំលងផុតទៅនេះ ក៏គេហៅថាអតីតកាលដែរ ដូច្នេះ បញ្ហាដែលអ្នកបានជួបប្រទះទាំងប៉ុនណា ទោះបីជាមនុស្សក៏ដោយ ក៏គេហៅថា រឿងចាស់ ឬមនុស្សអតីត ដូច្នេះ យើងរស់នៅក្នុងបច្ចុប្បន្ន ចុះចាំបាច់អីត្រូវទៅខ្វល់គិតដល់រឿងចាស់ ឬអតីតកាលទាំងនោះធ្វើអីទៀតទៅ?
ធ្វើជាមនុស្ស គឺត្រូវរស់នៅក្នុងបច្ចុប្បន្នភាពឱ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីសម្ដៅទៅរកអនាគតមួយដែលល្អ ស្រស់ត្រកាល តាមដែលយើងប្រាថ្នាចង់បាន។
អតីតកាល គឺជារឿងកាលពីមុន បច្ចុប្បន្ន គឺជារឿងដែលត្រូវប្រឈមមុខ រីឯអនាគត គឺជារឿងដែលយើង គង់តែត្រូវទៅដល់ ពេលវេលា មិនដែលនៅនឹងថ្កល់ឡើយ ហើយដំណើរឆ្ពោះទៅមុខបន្ត វានឹងជួយឱ្យយើងបានជួបនូវអ្វីដែលថ្មីៗ ប្លែកៗ អាចចូលមកផ្លាស់ប្ដូរអារម្មណ៍ និងគំនិតរបស់យើង ហើយវានឹងធ្វើឱ្យយើងភ្លេចនូវការឈឺចាប់កាលពីមុន ភ្លេចនូវរឿងមិនល្អទាំងឡាយ ព្រោះតែយើងព្រមរស់នៅជាមួយនឹងបច្ចុប្បន្ន ហើយយើងពិតជាចង់ឃើញអនាគតដ៏ប្រសើររបស់យើងនៅខាងមុខឆាប់ៗដូចគ្នា។
ជីវិត ត្រូវដើរទៅតាមពេលវេលា ទទួលស្គាល់ទៅថា ជីវិតអ្នកណាក៏ដោយ គឺសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលស្រស់បំព្រង ហើយក៏ត្រូវឆ្លងកាត់ ដំណាក់កាលសោះកក្រោះ និងបញ្ហាហ៊ុំព័ទ្ធជុំវិញដែរ តែសំខាន់ គឺត្រូវចេះរើបម្រះពីបញ្ហា ការលំបាក សេចក្ដីឈឺចាប់ទាំងអស់ឱ្យបាន។ ក្នុងព្រៃជ្រៅ ដែលគួរឱ្យខ្លាច តែវាពោរពេញដោយកន្លែងដែលស្រស់ស្អាត អស្ចារ្យ តាមបែបធម្មជាតិ ដូច្នេះ ជីវិតទោះស្ថិតក្នុងសភាពលំបាក តានតឹន គ្រាំគ្រា តែវាក៏បង្កប់នូវរស់ជាតិជីវិតដ៏មានន័យ និងអ្វីដែលល្អៗសម្រាប់យើងចងចាំ និងរៀនសូត្រតាមដែរ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុក (Knongsrok)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក