មានតែពេលវេលា ៤ លើកខាងក្រោមនេះទេ ដែលអ្នកអាចដឹងពីចរិតមនុស្សពិតប្រាកដ ថាគេជាមនុស្សល្អនឹងអ្នកពិតប្រាកដមែន ឬគ្រាន់តែល្អជាការសម្តែង៖
៤) ពេលអ្នកជួបបញ្ហា
នៅពេលអ្នកបាន មានរឿងសប្បាយរីករាយ ក៏រមែងមិត្តភក្តិ សាច់ញាតិជាច្រើនមកអ៊ូអរសាទរនៅជុំវិញខ្លួន ប៉ុន្តែពេលអ្នកជួបបញ្ហាលំបាកក្នុងជីវិត តើមានមនុស្សប៉ុន្មាននាក់ទៅដែលចាំគាំទ្រ ចាំជួយស្រោចស្រង់យើងចេញពីរណ្តៅនៃបញ្ហា?
ពេលនោះហើយអ្នកនឹងដឹងថា នរណាល្អចំពោះអ្នកពិតប្រាកដ ហើយចូរកត់ឈ្មោះគេទុកចិត្តផង ព្រោះគេជាមនុស្សដែលអ្នកគួរតែរក្សាឲ្យបានល្អនៅក្នុងជីវិត។
៣) ពេលអ្នកធ្លាក់ខ្លួនឈឺ
រាងកាយយើងមិនរឹងមាំរហូតទេ ដល់ថ្ងៃណាមួយដែលវាចុះទ្រុឌទ្រោម ខ្លួនទម្រេតទៅនឹងគ្រែ ក៏ជាថ្ងៃដែលយើងអាចដឹងច្បាស់ថា នរណាខ្លះបារម្ភពីយើង និងដឹងទុក្ខដឹងសុខយើងពិតប្រាកដ។ ពេលវេលានោះហើយ នឹងបង្រៀនអ្នកឲ្យអាចវែកមុខពិតរបស់មនុស្ស។
២) នៅពេលអ្នកចូលនិវត្ត
ពេលបម្រើការងារ មានមុខតំណែង មានតួនាទី អ្នកក្រោមបង្គាប់ តែងតែមកនៅតាមក្បែរ តាមនិយាយល្អឥតឈប់ពីអ្នក ចុះក្រោយពេលអ្នកចូលនិវត្ត លែងមានការងារទាំងនោះទៅ តើពួកគេនៅក្បែរអ្នកទៀតដែរឬទេ?
ទោះមិនបាននៅក្បែរជិតដូចមុន ក៏គួរតែដឹងថាគេ នៅរាប់អានយើង នៅមានភាពស្មោះត្រង់នឹងយើងទៀតដែរឬយ៉ាងណា។ មនុស្សខ្លះសម្លឹងឃើញតែប្រយោជន៍ពីអ្នក នៅក្បែរអ្នកតែពេលអ្នកអាចផ្តល់ប្រយោជន៍សម្រាប់គេតែប៉ុណ្ណោះ។ មនុស្សប្រភេទនេះមិនគួរយកខ្លួនបៀតឡើយ។
១) នៅដង្ហើមចុងក្រោយរបស់អ្នក
មុនបិទភ្នែក ចេញពីពិភពមួយនេះទៅ តើនរណាខ្លះដែលនៅជុំវិញយើង។ នៅពេលវេលានេះ យើងក៏អាចដឹងច្បាស់បានដែរ តើតាំងពីដើមមក នរណាជាអ្នកមើលថែ យកចិត្តទុកដាក់នឹងយើងពិតប្រាកដ រហូតមកដល់ដង្ហើមចុងក្រោយនៃជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក