នេះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៣ សម្រាប់​ក្មេង​តូចៗ​ដែល​មិន​ទម្លាប់​ចូល​គេង​មុន​ម៉ោង ១០ យប់

ការ​គេង គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ហើយ​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ ម្តាយ​ឪពុក​ទាំង​ឡាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន។ តាម​ការ​ស្រាវជ្រាវ​ប្រសិន​អ្នក​មិន​ទម្លាប់​ពួក​គេ​ឲ្យ​ចូល​គេង​មុន​ម៉ោង ១០ យប់​ នោះ​នឹង​ជះ​ផល​ប៉ះពាល់​ធំ ៣ ​ដូច​ខាង​ក្រោម៖

៣) រាំងស្ទះ​ការ​លូត​កម្ពស់

1

កម្ពស់​របស់​កុមារ​វា​ផ្អែក​លើ​ហ្សែន​ដែល​ឪពុកម្តាយ​បាន​ផ្តល់ ៧០ ភាគរយ ហើយ​កត្តា​ផ្សេង​ទៀត ៣០ ភាគរយ។ ដ្បិត​បើ ៣០ ភាគរយ​នេះ​មិន​ជា​តួ​លេខ​ធំ តែ​វា​ក៏​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​របស់​ក្មេង​ផង​ដែរ។

ការ​គេង​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពស់​កុមារ​ដូច​គ្នា ហើយ​ពេលវេលា​លូតលាស់​អ័រម៉ូន​កម្ពស់​រាងកាយ​ដ៏​ល្អ​បំផុត​របស់​កុមារ គឺ​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង ១០ យប់​ទៅ​ម៉ោង ១ ទាប​ភ្លឺ និង​ម៉ោង ៥ ដល់ ៧ ព្រឹក។ ដូច្នេះ​ម្តាយ​ឪពុក​គ្រប់​រូប​គួរ​តែ​ទម្លាប់​ឲ្យ​កូន​រៀប​ចូល​គេង​ពី​ម៉ោង ៩ ហើយ​លក់​ស្កប់ស្កល់​មុន​ម៉ោង ១០ គឺ​ល្អ​បំផុត។

២) ប៉ះពាល់​ដល់​កម្រិត​បញ្ញា

2

សាស្រ្តាចារ្យ​លោក Amanda Sarker នៅ​ឯ​ចក្រភព​អង់គ្លេស បាន​ស្រាវជ្រាវ​លើ​កុមារ​អាយុ ៧ ឆ្នាំ​ជាង ១០ ០០០​ នាក់ ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា ក្មេង​ដែល​ចូល​គេង​ក្រោយ​ម៉ោង ៩-១០ យប់ គឺ​ពិត​ជា​មាន​ខួរក្បាល​ខ្សោយ​លើ​ផ្នែក​អំណាន និង​គណិតវិទ្យា។

ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ណែនាំ​ឲ្យ​ទម្លាប់​ចូល​គេង​ឲ្យ​បាន​លឿន​វិញ ដើម្បី​អភិវឌ្ឍ​បញ្ញា​ខួរក្បាល​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ​និង​មាន​ការ​ចងចាំ​បាន​ល្អ។

១) អាច​ធាត់

3

ការ​គេង​មិន​គ្រប់គ្រាន់ ក៏​នឹង​បង្កើន Ghrelin ដែល​បណ្តាល​ឲ្យ​ទម្ងន់​មាន​ការ​កើន​ឡើង ឬ​ទៅ​ជា​ជំងឺ​ធាត់។ លើស​ពី​នេះ​ក្មេង​ដែល​មិន​សូវ​បាន​គេង​គ្រប់គ្រាន់ ក៏​ពួក​គេ​មាន​អារម្មណ៍​អស់​កម្លាំង ដែល​ជា​ហេតុ​មិន​សូវ​នាំ​ឲ្យ​ពួក​គេ​បញ្ចេញ​កម្លាំង​ តាម​រយៈ​ការ​រត់​លេង ឬ​ការ​ធ្វើ​លំហាត់ប្រាណ​នានា​ ដើម្បី​បញ្ចេញ​ញើស​នោះ​ទេ។ វា​ជា​ដើម​ចម ដែល​នាំ​ឲ្យ​ទារក​នោះ ប្រឈម​នឹង​ងាយ​ការ​កើត​ជំងឺ​ណា​មួយ​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក