ទោះចំណងតឹងណែនក៏នៅមានមុខសម្រាបស្រាយបាន!!!

ចំណងមួយកើតចេញជារូបរាងគឺទាល់តែមានអ្នកចង។ អ្នកចងចំណង​ប្រាកដ​ជាដឹងថា ចងសម្លាប់មុខឬចងមិនសម្លាប់មុខ (ចងតឹងខ្លាំងឬចង​ធូររលុង)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះ គ្រប់ចំណងសុទ្ធតែអាច​ស្រាយបានដូចៗគ្នា ឱ្យតែអ្នកនោះមានចិត្ដចង់ស្រាយ។

ប្រសិនបើអ្នក​នោះ ពុំមានចិត្ដចង់ស្រាយចំណងទេ ទោះជាចំណងមានភាពធូររលុង និងងាយស្រួលស្រាយយ៉ាងណាក៏ដោយចុះ ក៏មិនអាចស្រាយ​បាន​ដែរ។ គួរចាំថា គ្រប់ចំណងតែងមានមុខអាចស្រាយបាន អ្វីដែលសំខាន់​នោះ​យើងចង់ស្រាយវាដែរឬទេ?

ដូចគ្នានេះដែរ គ្រប់បញ្ហាទាំងអស់មិនថាតូចធំលំបាក​វេទនាប៉ុនណា​ក៏ដោយ ដែលបានកើតឡើងសុទ្ធសឹងតែមានហេតុផលរបស់វា​នៅ​ពី​ក្រោយ ហើយគ្រប់បញ្ហាឱ្យតែមានចិត្ដចង់ដោះស្រាយ គឺសុទ្ធតែ​មាន​មុខអាចដោះស្រាយបានទាំងអស់។

បើទោះជាបញ្ហាខ្លះ វាកើតមាន​ឡើង​ដោយចេតនាក្ដីឬដោយអចេតនាក្ដី យើងគួរតែស្វះស្វែងរកវិធី​សាស្រ្ដណាមួយក្នុងការដោះស្រាយវា និងកុំទុកឱ្យបញ្ហាទាំងអស់នោះ​ធ្វើឱ្យនរណាម្នាក់ ឬក៏យើងផ្ទាល់ ក្ដៅក្រហាយដោយសារតែវាអី។

ខ្ញុំធ្លាប់ប្រឈមមុខនឹងបញ្ហាច្រើនណាស់ដែលបានកើតឡើងចំពោះខ្ញុំ ជួនបញ្ហាដែលកើតមានឡើងមក មិនមែនសុទ្ធតែខ្ញុំជាអ្នកបង្កើតវា​ឡើងមកនោះទេ។ ជួនអ្នកនេះ ជួនអ្នកនោះ ជួនបុគ្គលិកខ្ញុំអីក៏មានដែរ តែគ្រប់បញ្ហាទាំងអស់នោះដែលកើតឡើង ខ្ញុំពុំដែលគេចវេសក្នុងការ​ដោះស្រាយម្ដងណាឡើយ។ បញ្ហាទាំងអស់នោះ សុទ្ធតែជាមេរៀន​ជីវិតល្អៗ សម្រាប់ខ្ញុំដែលនាំឱ្យខ្ញុំមានថ្ងៃនេះ។

មួយវិញទៀត ប្រសិនបើយើងជ្រុលផុងជើងជាប់ទៅនឹងអ្វីមួយហើយ​នោះ យើងត្រូវចេះដកជើងចេញមក និងស្វែងរកវិធីសាស្រ្ដដើម្បីបាន​ដើរទៅមុខបន្ដទៀត ក្នុងទិសដៅដែលយើងបានគ្រោងទុក ដោយពុំត្រូវ​បោះបង់ចោលឱ្យសោះ នោះយើងនឹងបានដើរទៅដល់គោលដៅ។ ចំពោះបញ្ហានៅក្នុងការប្រកបអាជីវកម្មរកស៊ីជួញដូរវិញក៏មិនខុសគ្នាដែរ ប្រសិនបើយើងដឹងថា គម្រោងការដែលយើងបានដាក់ចេញទៅហើយ នៅមានការឆ្គាំឆ្គងខ្វះខាតត្រង់កន្លែងណាមួយ។

ដូច្នេះ យើងត្រូវតែចេះ​ដក​ថយជំហានសិន ដើម្បីយើងមានពេលវេលាបានគិតពិចារណា និងកែតម្រូវនូវចំណុចខ្វះខាតទាំងនោះឱ្យល្អសិន ទើបអាចធ្វើឱ្យ​ដំណើរការអាជីវកម្មរបស់យើងឱ្យប្រព្រឹត្តិទៅបានដោយរលូន និងអាច​ទទួល​បានជោគជ័យនៅថ្ងៃខាងមុខ៕