មនុស្សយើងគួរតែស្គាល់ចិត្តគ្នាឲ្យបានយូរ និងយល់ពីគ្នាឲ្យបានច្បាស់សិន សឹមប្រលូកទៅក្នុងជីវិតអាពាហ៍ពិពាហ៍ ព្រោះមកដល់ចំណុចនេះមិនមែនចង់បែក ចង់ចែកផ្លូវ ងាយៗដូចជីវិតត្រឹមជាសង្សារនឹងគ្នានោះទេ។
ចំណុចទាំង ៤ ខាងក្រោម សម្រាប់មនុស្សស្រី គួរតែនិយាយនិងបង្ហាញឲ្យបុរសយល់ឲ្យច្បាស់ ថាគេអាចទទួលយកបានឬអត់ មុនរៀបការនឹងគ្នា ដើម្បីបញ្ចៀសបញ្ហាទៅពេលខាងមុខ៖
៤) យល់ពីរបៀបមើលថែគ្នា
អ្នកត្រូវដឹងជាមុន ថាអ្នកគួរយកចិត្តទុកដាក់ មើលថែដៃគូដោយរបៀបណា ជាពិសេសនៅពេលទាស់ទែង ឬអាក់អន់ចិត្តគ្នា។ មិនមែនទាំងសងខាងទម្លាប់នៅស្ងៀម ហើយបៀមទុក្ខរហូតទេ។ ដូច្នេះគួរទម្លាប់ពីចំណុចចាប់ផ្តើមពីសង្សារទៅ ថាពេលឈ្លោះ ទាំងសងខាងនឹងមានដំណោះស្រាយបែបណា ហើយត្រូវបន្តបែបហ្នឹងរហូតទៅ។
៣) ការគ្រប់គ្រងហិរញ្ញវត្ថុ
តើអ្នកនឹងបែងចែកការចំណាយដោយរបៀបណា ជាធម្មតាពេលឈានដល់ជីវិតគូ មិនមែនទៅចាយលុយរៀងខ្លួននោះទេ ពោលគឺក្លាយជាចំណូល ចំណាយរួមគ្នាហើយ។ ដូច្នេះគួរតែពិភាក្សាជាមុន ថារបៀបគ្រប់គ្រងហិរញ្ញវត្ថុត្រូវកំណត់បែបណាខ្លះ ដើម្បីឲ្យគ្រួសារមួយមានសុភមង្គល និងពុំមានបញ្ហាត្រង់ផ្នែកនោះ។ ជៀសវាងទៅថ្ងៃមុខ ឃើញលុយជាធំ លែងយល់ចិត្តគ្នា ក៏នាំឲ្យគ្រួសារខ្លះបែកបាក់ក៏បាន។
២) ត្រូវយល់ពីគ្រួសារទាំងសងខាង
គួរតែយល់ពីគ្រួសារទាំងសងខាងជាមុន ថាអ្នកអាចសម្របនឹងស្ថានភាពនោះបានឬអត់។ ពេលខ្លះគ្រួសារខាងប្រុសមានបញ្ហានេះ បញ្ហានោះ ក៏អ្នកគួរតែជជែកជាមួយដៃគូជាមុន ថាអ្នកអាចទៅរួច ឬត្រូវដោះស្រាយបែបណា។ ទម្លាប់នៃការរស់នៅជីវិតគូ ក្រោយរៀបការគួរតែនៅដាច់ដោយឡែកពីគ្រួសារសាច់ថ្លៃ គឺល្អបំផុត។
១) ពាក់ព័ន្ធនឹងការផ្តល់កំណើតកូន
គូស្នេហ៍ខ្លះក៏មានទំនាស់នឹងគ្នារឿងបង្កើតកូននេះដែរ ខ្លះគិតថាមិនទាន់ចង់បានកូនទេ សឹមមានជីវិតរាងធូរធារ ឬនឹងនបន្តិចសិន ខ្លះទៀតក៏គិតថាគួរតែមានបណ្តើរៗ។ វាជាបញ្ហាដែលអ្នកអាចទាស់គ្នានៅពេលក្រោយ ឬខាងស្រីមិនទាន់ត្រៀមខ្លួនក្លាយជាម្តាយគេ។
៤ ចំណុចខាងលើគ្រាន់តែជាបញ្ហាចម្បងធំៗប៉ុណ្ណោះ ដោយក្នុងជីវិតអាពាហ៍ពិពាហ៍ក៏រមែងមានបញ្ហាជាច្រើនផ្សេងទៀត ដែលអាចនឹងកើតមាន តែសំខាន់គឺអ្នកទាំងពីរគួរមានការអធ្យាស្រ័យ យោគយល់គ្នា និងកុំឆាប់បោះបង់ពេក ហើយបើក្រោយមានកូនទៀត គឺកាន់តែត្រូវគិតឲ្យបានវែងឆ្ងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក