ទម្លាប់និងដំណោះស្រាយទាំង ៥ ខាងក្រោម អាចជួយឲ្យអ្នករាល់គ្នាដែលជួបបញ្ហាវិលមុខ និងឈឺក្បាលពេលក្រោកពីគេងនៅព្រឹកព្រលឹម ឲ្យមានអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពវិញបាន៖
៥) ផឹកទឹកមួយកែវ
ក្រោយក្រោកពីគេងភ្លាម កុំទៅស្រវាលើកទូរស័ព្ទមកចុច អ្នកគួរតែតម្រង់ទៅទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ដើម្បីបន្សាបជាតិពុល និងផ្តល់ថាមពលដែលបាត់បង់ត្រលប់មកវិញសិន។
៤) ដាក់ទម្លាប់ហាត់ប្រាណនៅពេលព្រឹក
អ្នកគួរតែឆ្លៀតពេលហាត់ប្រាណនៅពេលព្រឹក ដើម្បីពង្រឹងឲ្យអារម្មណ៍របស់អ្នកល្អប្រសើរ ហើយមានការផ្តោតខ្ពស់។ ត្រឹមតែជាការដើរយឺតៗ ឬរត់ ដែលអាចជួយឲ្យខួរក្បាលបញ្ចេញនូវអ័រម៉ូនអង់ដូហ្វីនឲ្យចូលទៅក្នុងចរន្តឈាម ដែលអាចកាត់បន្ថយអាការៈស្រ្តេស ងងុយដេក និងការឈឺចាប់ផ្សេងៗ។ ជាងនេះកុំធ្វើតែមួយថ្ងៃ គួរតែមានទម្លាប់កំណត់ពេលវេលាច្បាស់លាស់ ទោះតិចច្រើនក្តី ឲ្យតែបានធ្វើ។
៣) ពត់ខ្លួន
ក្រោយងើបពីគេងមក អ្នកត្រូវពត់ខ្លួន ឬលាតសន្ធឹងខ្លួនប៉ុន្មានវិនាទីជាមុនសិន ដែលនេះជាលំហាត់ប្រាណសាមញ្ញៗ អាចជួយឲ្យរាងកាយបញ្ចេញអ័រម៉ូនអង់ដូហ្វីន និងផ្តល់ថាមពលដល់រាងកាយពេញមួយថ្ងៃ។
២) បន្ថែមក្លិនក្រអូបក្នុងបន្ទប់គេង
ក្លិនក្រអូបដែលមានក្នុងបន្ទប់គេង អាចជួយឲ្យអ្នកងើបមកមានអារម្មណ៍ស្រឡះ និងមិនស្មុគស្មាញខួរក្បាល។ តួយ៉ាងដូចជាក្លិនក្រូច ក្លិនជីអង្កាម ដែលវាជួយដាស់អារម្មណ៍អ្នកឲ្យស្រស់ស្រាយសម្រាប់ចាប់ផ្តើមថ្ងៃថ្មី។
១) ផ្តោតទៅលើរឿងដែលសប្បាយចិត្តជាអាទិភាព
មានន័យថា ក្រោយក្រោកពីគេង រឿងចម្បងដែលអ្នកគិត ត្រូវគិតពីរឿងវិជ្ជមាន គិតពីផែនការណ៍ថ្ងៃថ្មី ដែលមិនដាក់សម្ពាធដល់ខួរក្បាល។ ព្រោះបើចំណុចចាប់ផ្តើមនៃរយៈពេល ២៤ ម៉ោងរបស់អ្នក គិតឡើងចេញជារឿងលំបាក រឿងមិនល្អទៅហើយ នោះវានឹងធ្វើឲ្យរាងកាយ មានការកើនឡើងកម្រិតអ័រម៉ូន Cortisol នៅក្នុងខ្លួន ហើយធ្វើឲ្យយើងហាក់អស់កម្លាំង ងងុយដេក លែងចង់ក្រោកមកហើយ។
អ្នកគួរគិតថាគួរធ្វើអ្វីដែលល្អៗជាមួយគ្រួសារ បង្កើតកម្មវិធីណាមួយជាមួយមិត្តភក្តិ ទើបរឿងទាំងនោះអាចជំរុញឲ្យអ្នកចាប់ផ្តើមថ្ងៃថ្មី និងមានថាមពលគ្រប់គ្រាន់ទៅបំពេញការងារនាពេលបន្ទាប់បាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក