អាណាព្យាបាលសព្វថ្ងៃតែងតែមានការព្រួយបារម្ភ មិនចង់ឲ្យកូនដើរជើងទទេ ព្រោះខ្លាចពួកគេមានមេរោគចូលជើង ឬមុតជើងដោយប្រការណាមួយ។ យ៉ាងណាបើនៅកន្លែងសុវត្ថិភាព និងមើលទៅមិនកខ្វក់ដែរនោះ គួរតែអនុញ្ញាតឲ្យពួកគេដើរជើងទទេ ល្អជាងមានទ្រនាប់ជើង ព្រោះអីវាអាចផ្តល់ប្រយោជន៍ចម្បងដូចខាងក្រោម៖
៤) ជួយឲ្យជើងលូតលាស់តាមធម្មជាតិ
ក្មេងដែលពាក់ស្បែកជើងញឹកញាប់ពេក ពេលទម្លាប់ម្រាមជើងរបស់ពួកគេត្រូវខ្ទាស់ជាមួយខ្សែក្រវាត់ស្បែកជើង យូរទៅនឹងធ្វើឲ្យម្រាមជើងរបស់ពួកគេដុះមកមិនស្អាតដូចម្រាមជើងធម្មជាតិនោះទេ។
ដូច្នេះហើយបើចង់ឲ្យទារកមានទម្រង់ជើងលូតលាស់មកស្អាតបែបធម្មជាតិ និងមានឆ្អឹងពេញលេញ គួរតែអនុញ្ញាតឲ្យពួកគេដើរដោយគ្មានស្បែកជើងច្រើន ឬប្រើស្បែកជើងដែលមិនតឹងពេក ប្រសិនជាចាំបាច់។
៣) ជួយអភិវឌ្ឍខួរក្បាលក្មេង
បើតាមការស្រាវជ្រាវនៅផ្នែកជើងក៏ជាកន្លែងដែលប្រមូលផ្តុំដោយសរសៃប្រសាទជាច្រើនផងដែរ ដូច្នេះបើឲ្យពួកគេដើរនៅលើក្រួស ដែលមានឥទ្ធិពលអាចរំញោចសរសៃប្រសាទឲ្យដឹងថា ឈឺ ដឹងថាមានការប៉ះទង្គិច ឬដើរនៅលើឥដ្ឋដែលផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ នោះខួរក្បាលរបស់ពួកគេនឹងមានការរំញោច បង្កើតឲ្យមានទំនាក់ទំនងនៃអារម្មណ៍ទៅកាន់ខួរក្បាលលឿនជាងក្មេងទូទៅ។
២) អាចចេះរៀនដើរបានឆាប់រហ័ស
ក្មេងដែលពាក់ស្បែកជើង មិនងាយចេះដើរទេ ព្រោះស្បែកជើងរបស់ពួកគេធ្វើឲ្យងាយរអិលដួលទៅលើដី ហើយបើប្រើប្រាស់ជើងទទេសុទ្ធសាធ នោះពួកគេក៏មានកម្លាំងគ្រប់គ្រាន់ក្នុងការទប់លំនឹងខ្លួន ហើយងាយឆាប់ចេះដើរថែមទៀតផង។
១) ពង្រឹងការចងចាំ
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យនៅឯសហរដ្ឋអាមេរិក បានបែងចែកក្មេងជា ២ ប្រភេទមួយក្រុមជាក្មេងដើរជើងទទេ មួយក្រុមជាក្មេងពាក់ស្បែកជើង ហើយជាលទ្ធផលឃើញថា ខួរក្បាលរបស់ក្មេងដើរគ្មានស្បែកជើង គឺពួកគេសកម្មជាង ហើយយល់ពីការគេចនៅឧបសគ្គដើម្បីការពារជើងពីរបួស ហើយក៏រំញោចតំបន់នៃការចងចាំរបស់ខួរក្បាល ឲ្យបានល្អជាងមុនផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក