ការ៉េមគឺជាអាហារសម្រន់ម្យ៉ាង ដែលមនុស្សទូទៅចូលចិត្តញុំាជាទីបំផុត ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ និងត្រជាក់ ហើយជាពិសេសនោះ គឺសាកសមនៅក្នុងរដូវក្តៅណាស់។ គួរអោយដឹងដែរថា ការ៉េមគឺមានច្រើនរសជាតិផងដែរ ដោយតម្រូវទៅតាមការចូលចិត្តរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែតាមការសិក្សាមួយបានបង្ហាញថា រសជាតិការ៉េមដែលអ្នកចូលចិត្ត គឺអាចបង្ហាញពីអត្តចរិកពិតរបស់អ្នកបានផងដែរ។
តោះបើចង់ដឹងច្បាស់មកជ្រើសរើសការ៉េមដែលអ្នកចូលចិត្តទាំងអស់គ្នា!
១. រសជាតិសូកូឡា ( Chocolate )
អ្នកដែលចូលចិត្តរសជាតិសូកូឡា គឺជាមនុស្សដែលមានមន្តស្នេហ៍ និងជាមនុស្សសប្បាយរីករាយ។ ពួកគេតែងតែសប្បាយចិត្តជាមួយនឹងជីវភាពដែលពួកគេរស់នៅសព្វថ្ងៃ ហើយជាពិសេសបុគ្គលទាំងនេះក៏មានមនោសញ្ចោតនាយ៉ាងខ្លាំង និងជាមនុស្សពូកែញ៉ែផងដែរ។
២. រសជាតិស្ត្រប៊ឺរី ( Strawberry )
អ្នកដែលចូលចិត្តរសជាតិស្ត្រប៊ឺរី គឺជាមនុស្សដែលមានហេតុផល។ ម្យ៉ាងទៀតបើទោះបីពួកគេមានភាពអៀនខ្មាស់ច្រើនក៏ដោយ ប៉ុន្តែពួកគេមានទស្សនៈសុទិដ្ឋិនិយមចំពោះជីវិតណាស់។ ជាពិសេសពួកគេគឺជាមនុស្សដែលមានការគិតវែងឆ្ងាយ មិនថាជារឿងតូចតាចប៉ុណ្ណានោះឡើយ។
៣. រសជាតិវ៉ាន់នីឡា ( Vanilla )
អ្នកដែលចូលចិត្តការ៉េមរសជាតិវ៉ាន់នីឡា គឺជាមនុស្សដែលមានការយល់ដឹងខ្ពស់ និងជាបុគ្គលស្មោះត្រង់បំផុត។ ហើយអ្នកកុំចង់បោកមនុស្សប្រភេទនេះអោយសោះ ព្រោះពួកគេមានការគិតពិចារណាយ៉ាងល្អិនល្អន់ខ្លាំងណាស់ មុននឹងពួកគេសម្រេចចិត្តក្នុងរឿងអ្វីមួយ។
៤. រសជាតិកាហ្វេ ( Coffee )
អ្នកដែលចូលចិត្តរសជាតិកាហ្វេ គឺជាមនុស្សដែលមានផែនការក្នុងជីវិត។ ពួកគេជាមនុស្សមានភាពរីករាយ និងចូលចិត្តលេងសើចច្រើន ពីព្រោះពួកគេគិតថាជីវិតមិនគួរមានភាពអាប់អួរនោះទេ។ ម្យ៉ាងទៀត មនុស្សប្រភេទនេះមិនសង្កត់ធ្ងន់លើអនាគតជាជាងផ្តោតលើបច្ចុប្បន្នឡើយ។
៥. រសជាតិ ( Mint )
អ្នកដែលចូលចិត្តរសជាតិនេះ គឺជាមនុស្សដែលមានចិត្តត្រជាក់ និងមិនឆេវឆាវនោះទេ។ ពួកគេច្រើនតែមានទំនុកចិត្តនិងដឹងច្បាស់ពីអ្វីដែលពួកគេចង់បាន ហើយពួកគេមិនចូលចិត្តមានជម្លោះជាមួយនរណាម្នាក់នោះទេ ប៉ុន្តែពួកគេក៏មិនខ្លាចនឹងការឈ្លោះប្រកែកគ្នាដែរ ជាពិសេសនោះ គឺឈ្លោះមិនអោយចាញ់គេឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក