សម្រាប់អ្នកដែលធ្វើការនៅផ្ទះក្តី នៅការិយាល័យក្តី ដែលនៅមុខអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរ សូមអ្នកមិនត្រូវភ្លេចទម្លាប់ទាំង ៤ ខាងក្រោមឡើយ មិនដូច្នោះទេគុណភាពស្បែករបស់អ្នកនឹងមានការធ្លាក់ចុះ ហើយខូចខាតដោយមិនដឹងខ្លួន៖
៤) កុំភ្លេចចំណាយពេលសម្រាក
មានន័យថា ពេលអង្គុយយូររាប់ម៉ោង អ្នកគួរឆ្លៀតពេលសម្រាកភ្នែក និងស្បែកឲ្យឃ្លាតឆ្ងាយពីរបស់ទាំងនោះបាន ៥ ទៅ ១០ នាទី។ នេះមិនត្រឹមតែជួយដកឃ្លាសម្រាប់ស្បែក និងភ្នែកនោះទេ តែក៏សម្រាប់សុខភាពខួរក្បាល កុំឲ្យស្រ្តេសពេកផងដែរ។
៣) កុំភ្លេចលាបឡេការពារកម្តៅថ្ងៃ
កុំគិតថាមិនអីពេលអ្នកមិនចេញទៅខាងក្រៅ ឬដើរតាមផ្លូវ។ នេះដោយសារអ្នកទទួលរងពន្លឺពណ៌ខៀវចេញពីអេក្រង់ វាក៏នៅតែអាចបំផ្លាញស្បែករបស់អ្នកបានដូចគ្នា អ៊ីចឹងត្រូវតែមានទម្លាប់លាបឡេការពារកម្តៅថ្ងៃជាប្រចាំ។
២) កុំភ្លេចបំពេញសំណើមដល់ស្បែក
ជាទូទៅពេលអ្នកអង្គុយធ្វើការយូរ បើនៅបន្ទប់មានម៉ាស៊ីនត្រជាក់ទៀតនោះ គឺងាយនឹងធ្វើឲ្យស្បែកស្ងួត។ ដូច្នេះអ្នកគួរយកចិត្តទុកដាក់ លើការបំពេញសំណើមដល់ស្បែក តាមរយៈផលិតផលមួយចំនួន ដែលសក្តិសមនឹងស្បែក ដែលមានជាតិផ្សះ HA, Glycerin ឬ Niacinamide ដើម្បីបញ្ចៀសបញ្ហាស្បែកស្ងួត ឡើងទៅជាប្រេះ។
១) កុំភ្លេចទទួលទានអាហារសុខភាព និងទទួលទានទឹកឲ្យបានច្រើន
វាចាំបាច់ណាស់ក្នុងការបំពេញបន្ថែមនៅសុខភាពផ្នែកខាងក្នុង ហើយតាមរយៈការទទួលទានទឹកជាប្រចាំ គឺជាទម្លាប់ដែលអ្នកមិនត្រូវមើលរំលង។ អ្នកក៏អាចទទួលទានតែបៃតងក្តៅៗបន្តិចផងដែរ ដើម្បីបន្ថែមភាពសាំដល់រាងកាយ និងការពារស្បែកពីផលប៉ះពាល់នៃពន្លឺខៀវចេញពីអេក្រង់។
ចំពោះអាហារក៏ដូចគ្នា ដើម្បីឲ្យខ្លួនឯងរឹងមាំ ត្រូវតែទទួលទានអាហារដែលមានអាហារូបត្ថម្ភដល់រាងកាយច្រើន និងបន្លែផ្លែឈើជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក